ជនភៀសសឹកជាង ៦ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី២៩

ចែករំលែក៖

ខេត្តសៀមរាប ៖ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន ១៩ ៤៣១គ្រួសារ ស្មើនឹង ៦៣ ៤៩២នាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុងស្រុកទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

របាយការណ៍ដដែល ក្នុងចំណោម ១៤ ៨១២គ្រួសារខាងលើ កំពុងស្នាក់នៅទីតាំងសុវត្ថិភាពចំនួន១៤១ទីតាំង ក្នុងមាន៧ ០៥១គ្រួសារ ស្មើនឹង ២៣ ៤៤៩នាក់ កំពុងស្នាក់នៅតាមទីតាំងដែលរដ្ឋបាលក្រុងស្រុកបានរៀបចំ និងចំនួន ១២ ៣៨០គ្រួសារ ស្មើនឹង ៤០ ០៤៣នាក់ បានស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ។ ក្នុងនោះទីតាំងមួយចំនួនក៏កំពុងនៅមិនទាន់មានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូសដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់សប្បុរសជន បន្តចូលរួមឧបត្ថម្ភជាបន្ត ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដោយត្រូវត្រៀមនូវថ្នាំសង្កូវ ត្រៀមសង្គ្រោះបឋមគ្រប់ពេលវេលា។ ម្យ៉ាងទៀតត្រូវផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងការខ្វះខាតដោយប្រការណាមួយ។ លោក ក៏សូមថ្លែងអំណរគុណដល់បងប្អូនសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលនេះបង្ហាញឱ្យឃើញពីស្មារតីរួមគ្នា បង្កើតការសាមគ្គីជាប្រជាជាតិខ្មែររួមតែមួយ ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាសង្គ្រាមដោយការឈ្លានពានរបស់ថៃ៕

...

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print