លោកកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី ព្រិន្ទបាលឯក សយ ប្រុស ក្នុងខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ព និងនាំយកថវិកា ៤លានរៀលជូនគ្រួសារសព ព្រិន្ទបាលឯក សយ ប្រុស កងទ័ពចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ក្នុងសមរភូមិឈ្លានពានពីកងទ័ពថៃ នៅខេត្តឧត្តរមានជ័យ។

ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់សពវីរកងទ័ព ព្រិន្ទបាលឯក សយ ប្រុស កងទ័ពចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលទទួលមរណភាព ក្នុងសមរភូមិមុខនៅព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានចាត់ទុកការបាត់បង់ លោកព្រិន្ទបាលឯក សយ ប្រុស ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំងពីររូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្ត។

លោកកិត្តិសង្គហបណ្ឌិត គន់ គីមមានប្រសាសន៍ទៀតថា ក្នុងពេលកម្ពុជារងការវាយប្រហារ ឈ្លានពានពីកងទ័ពថៃឥតឈប់ឈររហូតធ្វើឱ្យកងទ័ពបានបាត់បង់អាយុជីវិត ប៉ុន្តែទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិកាស្នេហាជាតិ។

ជាចុងក្រោយ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះបូរណភាពទឹកដី ព្រមទាំងតម្កល់អាយុជីវិតប្រជាពលរដ្ឋជាជនភៀសសឹកជាចំបងផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print