ភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
ប្រភពព័ត៌មាននៅទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើបានយកម៉ូទ័របូមទឹកចេញពីអណ្តូងដើម្បីយកមកប្រើប្រាស់ ខណៈពេលកំពុងតែបូមទឹកស្រាប់តែឆ្លងចរន្តខ្សែភ្លើងនៅខាងលើផ្ទះបណ្តាលឲ្យផ្ទុះឆេះបណ្តាញខ្សែភ្លើងយ៉ាងសន្ធោសន្ធៅឆេះផ្ទះអស់១ខ្នងទាំងស្រុងនិងឆ្លងទៅឆេះដំបូលផ្ទះអ្នកជិតខាងដែលនៅជាប់គ្នារងការខូចខាតអស់ដំបូលមួយចំហៀងផងដែរ។
ហេតុការណ៍អគ្គិភ័យខាងលើនេះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿងជួយធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារដើម្បីកុំឲ្យឆេះរាលដាលបន្តទៅកាន់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ហើយអគ្គិភ័យក៏បានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃ ខែ និងឆ្នាំដដែល។
ហេតុការណ៍អគ្គិភ័យនេះពុំបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ៕