ព្រះវិហារ៖ រដ្ឋបាលរាជធានីភ្នំពេញ បាន នាំយកអំណោយសប្បុរសជនជាសម្ភារៈប្រើប្រាស់ជាង ១០០មុខមកប្រគល់ជូនវីរៈកងទ័ពជួរមុខខេត្ដ ព្រះវិហារ ដឺកនាំដោយ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង សេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៥ ។
គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង១០០ មុខដែលរដ្ឋបាលរាជធានី នាំយកមកប្រគល់ជូន លោក ឃី សុខា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីផ្ទះសម្បែងមករស់នៅកន្លែងសុវត្ថិភាព។ ដោយឡែកចំពោះ វីរ:កងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារអធិបតេយ្យភាពជាតិខ្មែរ ពីការឈ្លានពានរបស់សត្រូវ រួមមាន ជូន បញ្ជាការដ្ឋានអង្គរក្ស តាមរយៈ លោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរង បញ្ជាការដ្ឋាន អង្គរក្ស តំណាងលោក នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស , ជូន កងពលតូចអន្តរាគមន៍លេខ៩ តាមរយៈលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩ ,ជូន កងពលតូចអន្តរាគមន៍លេខ៨ តាមរយៈលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ,ព្រមទាំងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ផងដែរ។
លោក សុខ ពេញវុធ ក្នុងនាម លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវសមាណចិត្តអាណិត អាសូរ ជាពន់ពេកចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចោលផ្ទះសម្បែង ស្រែចំការ រត់ភៀសខ្លួន គេចចេញពីតំបន់សមរភូមិប្រយុទ្ធ មករស់នៅលើតំបន់សុវត្ថិភាពនាពេលនេះ។ ក្នុងនោះដែរចំពោះវីរៈកងទ័ពនៅជួរមុខលោក សុខ ពេញវុធ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោក ឃួង ស្រេង ជូនដល់វីរៈកងទ័ពយើងទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ព ដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ។ លោក អភិបាលរងរាជធានីភ្នំពេញ ក៏បានជូនពរដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ។
លោក សុខ ពេញវុធ បានបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង 100 មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្រគល់ជូនដល់បងប្អូនវីរៈកងទ័ពដ៏ក្លាហានរបស់កម្ពុជាយើង នៅទិសព្រះវិហារនាពេលនេះ គឺ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជននានា និងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ទោះបីតិចក្តីច្រើនក្តី បាននាំយកមកចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ និងក្នុងស្មារតី ខ្មែរជួយខ្មែរ។
នៅក្នុងឱកាសនោះដែរ លោក ឃី សុខា អភិបាលរងខេត្តព្រះវិហារ តំណាងថ្នាក់ដឹកនាំខេត្តនិងតំណាងឱ្យវីរៈកងទ័ពនៅជួរមុខទិសព្រះវិហារ ទាំងអស់ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងបានចាត់តំណាងនាំយកអំណោយពីរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក និងជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដែលនេះបញ្ជាក់ឃើញថាសមរភូមិក្រោយនិងសមរភូមិមុខគឺរួមចិត្តតែមួយ ហើយបងប្អូនវីរៈកងទ័ពទាំងអស់ ប្តេជ្ញាការពារអធិបតេយ្យភាពជាតិរបស់យើង មិនឱ្យខ្មាំងចូលឈ្លានពានជាដាច់ខាត៕. ដោយ សំរិត