ភ្នំពេញ ៖ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កម្ពុជា-ថៃ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែន ដែលរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
លោកថា ៖ ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ យើងរកឃើញការខូចខាតដូចខាងក្រោម ៖
១-ផ្លូវជាតិលេខ៥៨÷ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគ.ម ១១៨+៥០០ ដល់ គ.ម១៦៣+៣០០
•សរុបផ្ទៃកៅស៊ូ ៤៩,៤០ម៉ែត្រការ៉េ
•សរុបជើងទេ ១០ម៉ែត្រ
•សរុបធ្លុះបេតុងស្ពាន ២ម៉ែត្រការ៉េ
២-ផ្លូវជាតិលេខ៦៨÷ (ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះ គ.ម ៩០+០០០ ដល់ គ.ម១០៤+០០០
•សរុបផ្ទៃកៅស៊ូ ៣៦ម៉ែត្រការ៉េ
៣-ផ្លូវខេត្តលេខ២៥៦៧÷ (គោកមន-ប្រាសាទតាមាន់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ៧ករណីចន្លោះគ.ម ១៥+០០០ ដល់ គ.ម២២+០០០
•សរុប ផ្ទៃកៅស៊ូ ១៥០,៦០ម៉ែត្រការ៉េ
•សរុប ចិញ្ជើម ១.០០ម៉ែត្រ
•សរុប បេតុងលូ ២.០០ម៉ែត្រគីប
ខ្ញុំបាទសូមជម្រាបជូនថា ក្នុងចំណោម កំណាត់ផ្លូវ ដែល បាន ត្រួតពិនិត្យ មានតែ ផ្លូវជាតិ លេខ ៥៨ (ផ្លូវក្រវាត់ទី១) ផ្លូវជាតិលេខ៦៨ និង ផ្លូវខេត្ត លេខ ២៥៦៧(គោកមន- ប្រាសាទតាមាន់)ប៉ុណ្ណោះ ដែល រង ការខូចខាត ដោយសារ គ្រាប់កាំភ្លើងធំ ធ្លាក់ ចំ។ ចំណែក ផ្លូវជាតិលេខ៥៦ អាចចរាចរណ៍បានធម្មតា ។
ជា រួមស្ថានភាព ផ្លូវ ក្នុងស្រុក បន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺ នៅ មាន សុវត្ថិភាព សម្រាប់ ការធ្វើដំណើរ បាន ធម្មតា នៅ លើ កំណាត់ផ្លូវ ជាតិលេខ៥៦ លើកលែងតែ កំណាត់ផ្លូវ មួយចំនួន ប៉ុណ្ណោះ ដែល ត្រូវ ការ ជួសជុល ដោយសារ ការខូចខាត ខាងលើ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្នលើកំណាត់ផ្លូវដែលរងការខូចខាត ជាពិសេសនៅពេលយប់ ចៀសវាងកើតឡើងគ្រោះថ្នាក់ជាយថាហេតុ។ សូុមអរគុណ ៕
ដោយ ៖ សិលា