ខេត្តព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព អនុសេនីយ៍ឯក ស៊ីម គា ជាយោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកអភិបាលខេត្ត សូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ អនុសេនីយ៍ឯក ស៊ឹម គា គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយ ភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ស៊ឹម គា សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕