រឿង អង្គការចោរប្លន់(តចប់)

ចែករំលែក៖

អង្គការចោរប្លន់
ឃុំលាច ស្រុកភ្នំក្រវាញ ក្នុងទឹកដីខេត្តពោធិ៍សាត់គឺជាលំនៅឋានចុងក្រោយរបស់ក្រាញ់ និងកូនៗទាំងបីនាក់ដែលបានផ្លាស់មករស់នៅតាមបញ្ជារបស់អង្គការ។ រីឯ ចូក ប្រពន្ធគាត់ និងចនរស់នៅឆ្ងាយពីក្រាញ់រំលងប្រហែលបួនប្រាំផ្ទះ។
រទេះរុញត្រូវគ្រវែងចោលអស់គ្មានសេសសល់ សំលៀកបំពាក់ពណ៌ឆើតឆាយដែលក្រាញ់ស្រឡាញ់បំផុតនោះ ត្រូវកងទ័ពខ្មែរក្រហមដកយកទៅអស់។ សក់ម៉ូតស្ពៃក្តោបដែលពេញនិយមរបស់ក្រាញ់ និងស្ត្រីឯទៀតកាលពីជំនាន់នោះត្រូវអង្គការបង្ខំឲ្យកាត់ខ្លីត្រឹមកគ្រប់ៗគ្នា។ ពីមួយថ្ងៃទៅមួយថ្ងៃរបបអាហារកាន់តែខ្វះខាតទៅៗ ដែលធ្វើឲ្យក្រាញ់ធ្លាក់ខ្លួនឈើរកដួលម្ដងៗ ប៉ុន្តែក្រាញ់នៅតែខំប្រឹងធ្វើការដោយមិនហ៊ានតវ៉ាជាមួយអង្គការឡើយ។
ទោះជាជួបការលំបាកយ៉ាងណា ក្រាញ់ នៅតែខិតខំប្រឹងប្រែងរស់ដើម្បីកូនៗ។ ថ្ងៃមួយនៅរដូវច្រូតកាត់ឆ្នាំ ១៩៧៦ គឺនៅកណ្ដាលវាលស្រែក្រោមពន្លឺព្រះអាទិត្យក្តៅហែង ក្រាញ់ បានដួលកាប់មុខលើពំនូកស្រូវដែលទើបនឹងច្រូតថ្មីៗ។ មនុស្សគ្រប់គ្នាបានត្រឹមតែឈរសម្លឹងមើលមិនមាននរណាម្នាក់ហ៊ានចូលមកជួយគ្រានោះទេ។ បន្តិចក្រោយមកស្រាប់តែសមមិត្តនារី យ៉ាន់ ដែលជាប្រធានកងនារី បានឃើញក្រាញ់ដួលហើយក៏ដើរចូលមកជួយ។ មិត្ត យ៉ាន់ គឺជាស្ត្រីកំព្រាដែលមានអាយុស្រករនឹងក្រាញ់ដែរ។ គាត់គឺជាប្រជាជនមូលដ្ឋានមានស្រុកកំណើតនៅភូមិលាច។ មិត្ត យ៉ាន់ មានចិត្តសប្បុរសនឹងក្រាញ់ណាស់។ យប់មួយមិត្តយ៉ានបានយកដំឡូងមួយប៉ុនកដៃមនុស្សចាស់មកឱ្យ ក្រាញ់ រួចនិយាយថា ក្រាញ់ឯងហូបទៅកុំឱ្យឈឺ ហើយកុំបារម្ភពីកូនៗអី ពួកវាមិនអីទេ។ និយាយរួចមិត្ត យ៉ាន់ ក៏ដើរចេញទៅវិញស្ងាត់ៗ។
កន្លងហួសប្រហែល ៦ខែអង្គការបានទើបនឹងពីជីវប្រវត្តិពិតរបស់ចន ។ ល្ងាចឡើងម៉ោងប្រហែល ៦ ល្ងាច បន្ទាប់ពីអង្គការបានដឹងអំពីប្រវត្តិ ចន ឈ្លបជំទង់ៗ ៣ នាក់។មានកាំភ្លើងគ្រប់ដៃ និងពីរនាក់ទៀតមានកាន់ចប់កាន់ចប់ជីកដើរសំដៅមកផ្ទះពូចូក។ ក្រាញ់លួចមើលតាមប្រហោងជញ្ជាំងស្លឹកឃើញឈ្លបបីនាក់បណ្ដើរចូកប្រពន្ធ និង ចនឲ្យដើរពីមុខដោយចងដាក់ដៃទៅខាងក្រោយខ្នង រួចដើរសំដៅទៅវាលស្រែព្រៃក្រោយផ្ទះ។ នៅម៉ោង ១ រំលងអធ្រាត្រសភាពការណ៍ស្ងប់ស្ងាត់គួរឲ្យខ្លាច ក្រាញ់ កំពុងតែលង់លក់នៅលើគ្រែដែលមានភ្នែកហើមផង ព្រោះយំនឹកស្រណោះ ចូក ប្រពន្ធនិងចន។ បន្តិចក្រោយមកក្រាញ់ឮសំឡេងព្រឹបៗនៅជញ្ជាំងផ្ទះម្ខាង។ ក្រាញ់ក្រឡេកមើលទៅឃើញ ចន មានក្បាលប្រឡាក់សុទ្ធតែឈាម។ ចន បានហែកជញ្ជាំងរួចលូនចូលមកខាងក្នុងផ្ទះ។ ក្រាញ់ខ្លាចផង យំផង ពេលឃើញក្បាលរបស់ចនរលាត់ស្បែកចេញលលាដ៏។ នៅពេលដែលឃើញ ចន មានសភាពបែបនោះ ក្រាញ់ ទៅដកធាងត្រាវទាំងយប់មកទំពារយ៉ាងម៉ដ្ឋប្រហែលមួយក្បង់ដៃហើយទាញស្បែកក្បាលមកគ្រប និងយកក្រមាររុំពីលើបន្ថែមទៀត។ នោះគឺជាពេលវេលាចុងក្រោយដែលក្រាញ់បានជួបនឹងចន។
ចន និយាយទាំងឈឺចាប់ថាក្រាញ់អើយ បងចូក និងប្រពន្ធស្លាប់បាត់ហើយ គឺពួកខ្មែរក្រហមបីនាក់នោះវាសម្លាប់។ ដំបូងវាបណ្ដើរពួកបងចេញពីផ្ទះ។ ទៅដល់វាលឆ្ងាយណាស់រួចវាឲ្យបងជីករណ្ដៅកប់ខ្លួនឯង។ ពេលជីករួចវាឲ្យបងលុតជង្គង់រួចយកក្រណាត់ចង់ភ្នែក។ បងឮសំឡេងផូងៗ ខ្លាំងៗ គឺពួកវាយចំកញ្ចឹងក។ បន្ទាប់មកវាវាយបងមួយត្បូងចបមួយទំហឹងរលាត់ស្បែកក្បាល។ ឈ្លបស្មានតែបងស្លាប់ហើយ វាក៏ចេញទៅវិញ។ បងគិតថាមិនរស់ទេ។
ឮដូច្នោះ ក្រាញ់ យំផងនិយាយផង នឹកគិតពីសុវត្ថិភាពរបស់ខ្លួននិងខ្លាចឈ្លបមកឃើញ ហើយនិយាយទាំងក្តីអាឡោះអាល័យថាបងចនរត់ទៅបង រត់ទៅទិសខាងជើងណាបង កុំទៅទិសនិរតី ព្រោះពួកនោះសាហាវណាស់ ខ្ញុំជួយបងមិនបានច្រើនទេ។
និយាយរួច ក្រាញ់ ទៅយកផ្លែស្វាយដែលសមមិត្តនារី យ៉ាន់ ឲ្យពីល្ងាចឲ្យទៅចន។ ចនក៏ចាកចេញទៅ។ ចាប់តាំងពីថ្ងៃនោះមក ចន បាត់ដំណឹងរហូត។
ចំណែក លូ និង សុខា ត្រូវអង្គការចាត់ឱ្យចូលក្នុងកងកុមារនិងមានតួនាទីដើរើសអាចម៍គោមកធ្វើជី។ រីឯ សុគង់ មានរូបរាងកាយតូចល្អិតត្រូវអង្គការតម្រូវឲ្យឃ្វាលគោ។ ថ្ងៃមួយសុគង់ឈឺពោះរាករូសមិនឈប់សោះរហូតដល់ស្គមរីងរៃ។ ពេលបានឮថាកូនស្រីឈឺ ក្រាញ់ ចេះតែរសាប់រសល់អាណិតកូន រួចក៏ដាច់ចិត្តយកនាឡិកាដៃចាស់ដែលបានរក្សាទុកទៅដូរយកថ្នាំអាចម៍ទន្សាយពីអ្នកជិតខាងបានចំនួន ៣ គ្រាប់រួចក៏យកទៅឲ្យកូន។ នៅពេលលេបរួចហើយសុគង់ នៅតែមិនបានធូរស្រាលអ្វីឡើយ។ ក្រាញ់សម្រេចចិត្តសុំការអនុញ្ញាតពីប្រធានភូមិទៅមើលកូនប៉ុន្តែប្រធានភូមិមិនអនុញ្ញាតឡើយ។ មិនតែប៉ុណ្ណោះប្រធានភូមិបាននិយាយគំរាមកំហែង ក្រាញ់ យ៉ាងខ្លាំង។ លុះដល់ពេលល្ងាចបន្តិច ប្រធានកងនារីយ៉ាន់ បានមកជួប ក្រាញ់ហើយនេះក៏ជាលើកចុងក្រោយរបស់ យ៉ាន់ ដែរ។ មិត្តយ៉ាន់និយាយលួងលោមកុំឲ្យក្រាញ់ភ័យថា កុំតវ៉ានិងអង្គការអី ? បើអង្គការឲ្យធ្វើអី ចេះតែធ្វើតាមហ្នឹងទៅ។ រីឯរឿងកូនចៅនៅកងកុមារពួកវាមិនអីទេ។
នៅក្នុងឆ្នាំ ១៩៧៨ ខ្មែរក្រហមកាន់តែកាចសាហាវទៅៗ និងមិនទុកចិត្តគ្នាឡើយ។ សមមិត្តនារីយ៉ាន់ ត្រូវប្រធានសន្តិសុខភូមិយកទៅកម្ទេចចោលដោយចោទថា ជារនុកក្នុងរបស់យួន។ ក្រាញ់ទើបតែដឹងអំពីរឿងរ៉ាវសម្លាប់របស់មិត្តនារីយ៉ាន់ ក្រោយខ្មែរខ្មែរក្រហមដួលរលំ។

រហូតមកដល់ចុងឆ្នាំ ១៩៧៨ ប្រធានសន្តិសុខភូមិ ដែលជាមនុស្សកាចសាហាវរបស់អង្គការនៅពេលបានដឹងថា កងទ័ពវៀតណាមចូលមកកាន់តែកៀក ក៏នាំប្រពន្ធកូនរត់ចេញពីភូមិទៅតំបន់ភាគខាងលិចភ្លាមមិនរង់ចាំយូរឡើយ។ ក្រាញ់ បានឃើញសភាពការណ៍ខុសប្រក្រតី ព្រោះប្រជាជនខ្លះទូលបង្វេច មានស្រូវអង្ករ ដឹកដៃកូនចៅ ធ្វើដំណើរទៅខាងកើត។ ឯប្រជាជនខ្លះទៀតដឹកស្រូវទាំងរទេះៗ ទុកធ្វើជាស្បៀងនៅតាមផ្លូវត្រឡប់ទៅស្រុកវិញរៀងៗខ្លួន។ នៅពេលដែលដឹងថារបបខ្មែរក្រហមដួលរលំភ្លាមក្រាញ់ បានរត់ទៅរកកូនៗទាំងបីនាក់របស់ខ្លួនភ្លាម។ សុគង់ មានរូបរាងស្គម ព្រោះមានជំងឺ។ ចំណែកឯលូលូ បានខំរត់ទៅយករទេះ និងគោបានមួយនឹមដែរ។ ក្រាញ់ ត្រេកអរណាស់។ ទាំងបួននាក់ម្ដាយនិងកូនបានជិះរទេះគោពីឃុំលាចរហូតមកដល់ភ្នំពេញ។សភាពនៅទីក្រុងភ្នំពេញត្រូវបានបំផ្លិចបំផ្លាញស្ទើរតែគ្រប់ទីកន្លែងទាំងអស់ដោយសារសង្គ្រាម។
មកដល់ម្ដុំផ្សារថ្មីក្រាញ់ និងកូនៗបានចាប់យកបានផ្ទះថ្មមួយល្វែងកម្ពស់បីជាន់។ នៅក្នុងផ្ទះនោះមានសុទ្ធតែលាមកគួរឲ្យខ្ពើមគ្រប់ទីកន្លែង។ ក្រាញ់ និងកូនប្រុសខិតខំបោសសម្អាតយ៉ាងស្អាត ប៉ុន្តែក្រោយមក រយៈមួយអាទិត្យ ក្រាញ់ និងកូនបានសម្រេចចិត្តចាកចេញទៅរស់នៅឯឃុំបាវិតស្រុកចន្ទ្រា ខេត្តស្វាយរៀងវិញ ព្រោះនៅភ្នំពេញគ្មានទឹកនិងគ្មានភ្លើងសម្រាប់ប្រើប្រាស់នោះទេ។ ក្រាញ់ និងកូនៗបានជិះរទេះគោដល់ម្ដុំកៀនស្វាយ ហើយបានឃើញឡានរបស់កងទ័ពវៀតណាមដែលជិះសំដៅទៅកាន់ទឹកខាងកើតដូចគ្នា ក្រាញ់ ក៏យកខ្សែកដែលនៅសល់ កាត់ជាពីរបំណែក ដោយមួយផ្នែកទុកខ្លួនឯង និងមួយផ្នែកទៀតយកឲ្យកងទ័ពវៀតណាមដើម្បីសុំឡានជិះទៅកាន់កាន់ស្រុកកំណើត។
មកដល់ឃុំបាវិត ក្រាញ់ ត្រេកអរម្ដងទៀតដោយនឹកក្នុងចិត្តថា នឹងបានជួបជុំអ្នកជិតខាងនឹងកសាងជីវិតថ្មីលើទឹកដីកំណើតរបស់ស្វាមីជាមួយកូនៗ។ ចូលមកដល់ភូមិក្រាញ់ ធ្លាក់ថ្លើមក្តុក និងស្រែកទ្រហោយំប្រទេចផ្ដាសាដល់ខ្មែរក្រហម នៅពេលបានឃើញផ្ទះរបស់ខ្លួន៕

...

(ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print