ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ចំណាប់ខ្មាំងកម្ពុជាទាំង២១នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះកម្ពុជាទទួលបានសព១រូប។ រីឯកងកម្លាំងចំនួន ២០រូបផ្សេងទៀត រាជរដ្ឋាភិបាលបាននិងកំពុងចចារ ធ្វើយ៉ាងណាឲ្យពួកគេអាចត្រលប់មកកម្ពុជាវិញបានឆាប់បំផុត និងដោយសុខសុវត្ថិភាព។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានគូសបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងកម្លាំងរបស់កម្ពុជាចំនួន២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះយើងបានទទួលសពមួយរូប និង២០រូបទៀតដែលនឹងត្រូវបញ្ជូនត្រលប់មកវិញ។ អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យសង្គ្រាមកើតឡើងទៀតនោះទេ ដូចដែលអ្វើដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្ន»។
ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានស្នើឲ្យសាធារណជនជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ ដោយលោកជំទាវបានគូសបញ្ជាក់ថា «នាងខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង និងកងកម្លាំងរបស់យើង មានលំនឹងចិត្តថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើង មិនដែលលះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ […] សូមប្រជាពលរដ្ឋមេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅបំផុត។ យើងនឹងបន្តចរចាឱ្យអស់ពីលទ្ធភាពដើម្បីយកបងប្អូនរបស់យើងត្រលប់មកវិញឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវឲ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជា ទាំង២០រូបឲ្យត្រឡប់មកវិញឲ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតប្រសិនមានក្រោមការ គ្រប់គ្រងរបស់ភាគីថៃ
គួរបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលកងទ័ពកម្ពុជាទៅដល់ ពួកគេក៏លើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជា២០នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ៕ដោយ៖តារា