ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកវរសេនីយ៍ត្រី លៀម សំពៅមាស បានពលីជីវិតក្នុងអាយុ៤២ឆ្នាំ នៅសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ នៅតំបន់អានសេះ ព្រំដែនកម្ពុជា-ថៃ។ សពលោកវីរសេនីយ៍ត្រី ត្រូវបានអង្គភាពជួរមុខ រៀបចំកិច្ចបូជានៅតំបន់សមរភូមិ និងបានរៀបចំអដ្ឋិធាតុដឹកឆ្ពោះមកកាន់គេហដ្ឋាន ដើម្បីរៀបចំពិធីបុណ្យឱ្យបានស័ក្ដិសម និងប្រកបដោយកិត្តិយសបំផុត នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី យ៉ុន សុភក្រ ត្រូវជាភរិយារបស់លោកវរសេនីយ៍ត្រី លៀម សំពៅមាស ព្រមទាំងក្រុមគ្រួសារ និងបានមានប្រសាសន៍សង្កត់ធ្ងន់ថា លោកវីរសេនីយ៍ត្រី ជាវីរជនដ៏អង់អាចរបស់ជាតិ ក្នុងចំណោមវីរជនឆ្នើមដ៏អស្ចារ្យជាច្រើនរូបទៀត ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវដ៏សាមាន្យ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិនិងប្រជាជន។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងនិយាយជារួម ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ចងចាំជាអមតៈនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងឥតគណនាបានរបស់លោកវីរសេនីយ៍ត្រី លៀម សំពៅមាស រួមទាំងយុទ្ធជនពលីដ៏អង់អាចផ្សេងទៀតរបស់ជាតិ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តរួបរួមកម្លាំងមហាសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល បន្តការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានជាដាច់ខាត។
សូមបញ្ជាក់ថា លោកវីរសេនីយ៍ត្រី លៀម សំពៅមាស មានអត្តលេខ ៦៧៨៤៨ កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៨៣ នៅភូមិវាលវង្ស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកបានចូលបម្រើជាតិ ជាមន្ត្រីនគរបាលជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៩៕