ប្រទេសថៃ ៖ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បានអះអាងថា កងទ័ពថៃ ត្រូវបញ្ចប់នីតិវិធីតាមច្បាប់សិន មុនបញ្ជូនទាហានត្រឡប់មកកម្ពុជាវិញ។ ពាក់ព័ន្ធនឹងការដោះលែងទាហានកម្ពុជាមកវិញនោះ។
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះកាសែតថៃបានចុះផ្សាយថា ការអះអាងនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តិនៃកម្ពុជា បានបង្ហាញក្តីសង្ឍឹមថា កងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនកម្ពុជាទាំងអស់ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។
អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ឱ្យដឹងថា ឧត្តមសេនីយឯក Boonsin Padklang មេទ័ពភូមិភាគ២ថៃ បានបំភ្លឺជូនអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីរួចហើយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថា កងទ័ពថៃ នឹងគោរពតាមលក្ខខណ្ឌច្បាប់អន្តរជាតិ និងពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ទាហានកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពថៃ មិនបញ្ជាក់ទាល់តែសោះ តើត្រូវចំណាយពេលប៉ុន្មានទៅ ទើបដំណើរការផ្លូវច្បាប់បានត្រូវបញ្ចប់ ហើយបញ្ជូនទាហានកម្ពុជាមកវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែកក្កដា ឆ្នាំ ២០២៥នេះថា៖ មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?
សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត៕
ដោយ ៖ សិលា