តារាសម្តែងល្បីៗក្នុងរឿងភាគខ្មែរភីអិនអិន នឹង​ជួបអ្នកគាំទ្រនៅផ្សារទំនើបអីុអន

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តភាគចំនួនពីររបស់ ភីអិនអិនដែលនឹងចាប់ផ្តើមចាក់ផ្សាយចាប់ ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះដែលជាមួយគ្នានេះទូរទស្សន៍មួយនេះ នឹងបង្កើតកម្មវិធីឲ្យមានជំនួបផ្ទាល់រវាងតារាសម្តែងទាំងនោះជាមួយអ្នកគាំទ្ររបស់ពួកគេ។ កម្ម វិធីនេះនឹងត្រូវធ្វើឡើងនៅផ្សារទំនើបអីុអននៅថ្ងៃសុក្រទី២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច។

វត្តមានតារាសម្តែងល្បីៗដែលនឹងចូលរួមក្នុងជំនួបពិសេសនេះមានដូចជា លោក អេវីន, កញ្ញាតូតា, អ្នកនាង គ្រត, លោក ជា សំណាងដែលពួកគេមកពីផលិតកម្មអិលឌីភិចឆ័រ រឿង”ម្ទេសហឹរប៉ះអំបិលប្រៃ”។ ដោយឡែកតួសម្តែងដែលមកពីផលិតកម្មខ្មែរមេគង្គរឿង”សង្គ្រាមបេះដូង” វិញមាន លោក ហេង នរៈកក្កដា, លោក សន កា យ៉ាឌី, កញ្ញា ឡាយ សម្ផស្ស, កញ្ញា ចេស៊ីកា, អ្នកស្រី ង៉ែត សុវណ្ណលីតា, កញ្ញា ឃីង សុរិយា រួមនឹងវត្តមានតារាល្បីៗជាច្រើនរូបទៀត។នេះចាត់ទុកថាជាព្រឹត្តិការណ៍ដំបូងបង្អស់មិនធ្លាប់មានពីមុនមកដែលតារា សម្តែងនៅក្នុងខ្សែភាពយន្តភាគខ្មែរជួបជាមួយនឹងប្រិយមិត្តរបស់ខ្លួនដោយផ្ទាល់ បែបនេះ។

នាយកប្រតិបត្តិស្ថានីយទូរទស្សន៍ភីអិនអិនលោក Glen Felgate បាននិយាយថា៖ «ភីអិនអិនបានវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសិល្បករក្នុងស្រុក អ្នកសរសេរScript ក្នុងស្រុកនិងផលិត កម្មក្នុងស្រុក ដើម្បីសម្រិតសម្រាំងរឿងភាគខ្មែរដែលល្អគួរជាទីចាប់អារម្មណ៍ជូនដល់អ្នកទស្សនា ហើយភីអិនអិនក៏បានវិនិយោគទឹកប្រាក់រាប់ម៉ឺនដុល្លារផ្សេងទៀតផងដែរដើម្បីផ្សព្វផ្សាយរឿងភាគដែលផលិតបានទាំងនោះ»។

លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍នៅផ្សារទំនើបអ៊ីអននេះ គឺគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយរបស់យើង ដើម្បីឲ្យប្រជាជនកម្ពុជាមានការចាប់អារម្មណ៍ និង មានមោទនភាពចំពោះរឿងភាគ ខ្មែរ។ ខ្សែភាពយន្តភាគខ្មែរថ្មីចំនួនពីរនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ភីអិនអិនគឺរឿង “ម្ទេសហឹរ ប៉ះអំបិលប្រៃ” និងរឿង “សង្គ្រាមបេះដូង”។

រឿងភាគបែបមនោសញ្ចេតនាកំប្លែង លាយឡំដោយការកាច់កុងគ្នារវាងកូន ប្រសានិងម្តាយក្មេក “ម្ទេសហឹរប៉ះអំបិលប្រៃ”ជាស្នាដៃដឹកនាំរបស់លោកលៀក លីដា ចាងហ្វាងផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។ រឿង “ម្ទេសហឹរ ប៉ះអំបិល ប្រៃ” ជារឿងភាគមនោសញ្ចេតនាស្នេហា រវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹងម្តាយក្មេកដែលពិបាកយល់ចិត្តស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នាទើបអាចរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ។ ខ្សែរឿងមួយនេះធានាថាទូរទស្សនិកជនប្រាកដជាទទួលបាននូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែងដ៏ប៉ិន ប្រសព្វរបស់សិល្បករល្បីៗដែលមានបទពិសោធន៍ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។

រីឯរឿងដែលឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមខ្មែរ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើនដែលធ្វើឲ្យទូរទស្សនិកជនត្រូវតាមដានដោយយកចិត្តទុកដាក់នោះគឺជាស្នាដៃ ផលិតរបស់ផលិតកម្មល្បីក្នុងស្រុកនិង មានការទទួលស្គាល់ពីសំណាក់ទូរទស្សនិកជនខ្មែរជាយូរមកហើយនោះគឺផលិតកម្មខ្មែរមេគង្គ(KMF)។រឿង”សង្គ្រាមបេះដូង” ជារឿងរ៉ាវស្នេហាតួឯកស្រីត្រូវប្រឆាំងនឹងបេះដូងរបស់ខ្លួនទៅរៀបការជាមួយ នឹងមនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរនឹងប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅជិតមនុស្សដែលនាងស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំងខណៈដែលការពិតអ្វីៗសុទ្ធតែជាការរៀបចំទុកជាមុនដោយមិនឲ្យនាងដឹងពីសំណាក់បុរសជាទីស្រឡាញ់របស់នាង។
រឿង”ម្ទេសហឹរ ប៉ះអំបិលប្រៃ “នឹងចាក់បញ្ចាំងនៅរៀងរាល់ថ្ងៃចន្ទដល់ពុធ ចំណែក រឿង”សង្គ្រាមបេះដូង”នឹងចាក់បញ្ចាំងនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់សៅរ៍វេលាម៉ោង៨យប់ចាប់ពីថ្ងៃចន្ទទី៥ ខែកញ្ញា នេះ តទៅ។

គួរបញ្ជាក់ដែរថាថ្មីៗនេះស្ថានីយ៍ទូរ ទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោងក្នុងឆ្នាំ២០១៦នេះដើម្បី ចាក់ផ្សាយជូនទូរទស្សនិកជនហើយគិតជាមធ្យមភីអិនអិនត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគនីមួយៗដែលគេរំពឹងថា ខ្សែភាពយន្តទាំងនោះនឹងមានគុណភាពប្រគួតប្រជែងជាមួយនឹងខ្សែភាពយន្ត ប្រទេសជិតខាងបាន៕

thy (1) thy (2) thy (5) thy (4) thy (3) thy (6) thy (7)

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print