រយៈពេល១សប្ដាហ៍រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន បានជាង៣៥ម៉ឺនដុល្លារ និងជាង១ពាន់លានរៀលសម្រាប់ជួយវីរកងទ័ពជួរមុខនិង ពលរដ្ឋភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បន្តទទួល​អំណោយពីសប្បុរសជននានានិងប្រជាពលរដ្ឋ មន្ត្រីរាជការ នៅរាជធានីភ្នំពេញ បានចំនួនជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដោយជម្លោះប្រដាប់អាវុធបង្ក ឡើងដោយទាហានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។

     ពិធីទទួលអំណោយពីសប្បុរសជន តាំងពីព្រឹករហូតដល់ ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បើគិតមានរយៈមួយ សប្ដាហ៏ហើយ  ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ និងឯកឧត្ដម លោកស្រី ជាអភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំង លោកនាយក លោក នាយករងលោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

     លោកស្រី​ ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាន​ឱ្យដឹងថា៖ ‎ គិត​ត្រឹម​ម៉ោង​ ១៨និង០០នាទី ថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៥ អំណោយដែលរដ្ឋបាល​រាជធានី​ភ្នំពេញ​បានពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីបានកើនឡើងដល់ចំនួន១.១៤១.៨២៥.៩១២​ រៀល​ និង ៣៥១.៣៩២,០០​ ដុល្លារ​អាមេរិក​ ព្រមទាំងសម្ភារគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រើនមុខ​ទៀត។ 

        លោកស្រី ដោ សម្ផស្ស បានអរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​ ខណៈលោកស្រី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចាត់ទុកសកម្មភាពនេះ ជាការ បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

        លោកស្រី​ ដោ សម្ផស្ស បានឱ្យដឹងទៀតថា៖ សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើង បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតប ជាមួយនឹងការលះបង់សាច់ស្រស់ ឈាម ស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែក ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភាសឹក ដែលកំពុងតែជ្រូកកោន នៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្ត របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។ បងប្អូន​សប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​ បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សំភារៈនិងថវិកាតាមរយះQR Code។

      លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានអរគុណ​​ ចំពោះ​ទឹក​ចិត្ត​សប្បុរសជននានាបងប្អូន​ប្រជាពលរដ្ឋ​ និងមន្ត្រីរាជការក្នុងរាជធានីដែលបាននិងកំពុង​ផុសផុល​ មកចូលរួម​ឧបត្ថម្ភ​ ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ​ភៀសសឹក កន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​៕. ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print