រដ្ឋបាលរាជធានីភ្នំពេញ បន្ដនាំអំណោយសប្បុរសជន មកចែកជូនវិរកងទ័ព ខេត្ដស្ទឹងត្រែង

ចែករំលែក៖

ស្ទឹងត្រែង៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយសប្បុរសជន ជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ចំនួន៥៦មុខមកប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា៖ ទាហានខ្មែរពិតជាមានឆន្ទះមោះមុត អង់អាច ក្លាហាន ខ្លាំងក្លា ក្រាញននៀល មិនចុះចាញ់ជាមួយទ័ពសត្រូវ បើទោះបីទ័ពសត្រូវមានគ្នាច្រើន មានអាវុធយុទ្ធភ័ណ្ឌទំនើប មានយន្តហោះចំបាំង មានដ្រូន និងប្រើប្រាស់ថ្នាំពុល យ៉ាង ណាក្តី រហូតទទួលបានការកោតសរសើរលើពិភពលោកថា កម្ពុជាប្រទេសតូច កម្លាំងតិច សម្ភារៈសឹកមិនសូវទំនើប តែទឹកចិត្តមោះមុត មានច្ឆន្ទៈខ្ពស់ក្នុងកិច្ចការពារទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ មិនឱ្យបាត់បង់ឡើយ។
លោក ហួត ហៃ នៅមុនពិធីប្រគល់អំណោយនេះ បានជួបសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ១២៨នេះ ជុំវិញការប្រយុទ្ធគ្នាជាមួយទាហានសៀមឈ្លានពាន។ លោកស្នើឱ្យបងប្អូនកងទ័ពយើងទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ព្រោះសត្រូវរបស់យើងថោកទាប ប្រើល្បិច ពិសពុលគ្រប់យ៉ាងដែលយើងនឹកស្មានមិនដល់ ដូចជាករណី ទាហានសត្រូវចាប់ទាហានកម្ពុជា យកទៅរហូតមក ដល់ ពេលនេះមិនទាន់បានដោះលែងនៅឡើយបើទោះបីមានបទឈប់បាញ់ហើយក្តី។
លោក ហួត ហៃ បានផ្តាំផ្ញើរដល់បងៗកងទ័ពសូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជានិច្ច ជីកលេណដ្ឋានអោយរឹងមាំ ដើម្បីត្រៀមប្រយុទ្ធគ្រប់វិនាទី ព្រោះសត្រូវមិនអោយយើងបានសុខឡើយ មានតែយើងរឹងមាំខ្លួនឯងប៉ុណ្ណោះ ទើបយើងអាចការពារទឹកដីយើងមិនអោយបាត់បង់ឡើយ។
លោកវរសេនីយ៍ឯក ធីវ ម៉ុល បានអរគុណចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​រដ្ឋបាលរាជធានីនិងជាពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែបានឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨កន្លងមក ហើយនៅពេលនេះ ខណៈដែលកងទ័ពយើងកំពុងប្រឈមមុខជាមួយសត្រូវឈ្លានពាន រដ្ឋបាលរាជធានីភ្នំពេញបានបន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគជាច្រើនមុខ មកជួយឧបត្ថមបន្ថែមទៀត។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print