រឿង៖ អង្គការទុរយស(តចប់)

ចែករំលែក៖

តើមាននរណាមានយោបល់ទៀតទេ? មិត្តស្រែប្រធានភូមិសួគ៌រួចនិយាយបន្តទៀតថា សរុបមកអង្គការដ៏ភ្លឺស្វាងរបស់យើងនិងកម្ទេចចោលឲ្យអស់ពួកបនក្បត់ ក្រុមសក្តិភូមិ អ្នកដែលមានវណ្ណៈជិះជាន់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមមិត្តដែលស្មោះត្រង់ប្ដូរផ្ដាច់ជាមួយអង្គការ។ បន្ទាប់ពីប្រជុំចប់អង្គការបានដាក់ផែនការឲ្យប្រជាជនខំធ្វើស្រែក្នុងមួយហិចតាឲ្យបានចំនួន ៣ តោនហើយក្នុងមួយឆ្នាំប្រជាជនត្រូវធ្វើស្រែចំនួនបីដង។
ទោះបីជាអង្គការទទួលបានទិន្នផលស្រូវច្រើនប៉ុណ្ណា ក៏ប្រជាជនហូបមិនដែលបានឆ្អែតឡើយ។ ខ្ញុំមិនអាចទ្រាំទ្រ និងភាពអត់ឃ្លានបានទេ។ ថ្ងៃមួយខ្ញុំបានទៅលួចដកមើមត្រាវនៅក្នុងត្លុកក្បែររោងបាយរួមកណ្ដាលភូមិ។ ពេលនោះប្រហែលជាម៉ោង ៩ យប់កងឈ្លបចំនួន ៤ នាក់កាន់កាំភ្លើងគ្រប់ដៃ បានឃើញខ្ញុំរួចស្រែកគំរាមថា តើឯងគឺជាកូនអាណា ហេតុអី្វបានជាហ្អែងហ៊ានក្បត់អង្គការមកលួចដកមើមត្រាវរបស់អង្គការដូច្នេះ? ព្រមទាំងចាប់ចងដាក់ដៃខ្ញុំទៅក្រោយហើយទាត់ធាក់ខ្ញុំយ៉ាងខ្លាំង។
ខ្ញុំឆ្លើយទាំងភ័យថា បាទមិត្តពូខ្ញុំឈ្មោះសម្បត្តិ។ សូមអភ័យទោសឲ្យខ្ញុំផងព្រោះក្មួយឃ្លានពេក។ណាមួយម៉ែខ្ញុំមិនស្រួលខ្លួនច្រើនថ្ងៃមកហើយ។ គាត់បាក់កម្លាំង ព្រោះធ្វើការធ្ងន់ពេកហើយមិនមានអ្វីហូបទៀត។ ទោះជាខ្ញុំខំអង្វរកយ៉ាងណាក៏ឈ្លបនោះមិនព្រមដែរ ព្រមទាំងនិយាយថា មិនបានទេ! មិនបានជាដាច់ខាតអង្គការមិនអនុញ្ញាតឲ្យយកមើមត្រូវទៅទេ។ ក្បាលនរណា សក់អ្នកហ្នឹងគ្មានមនោសញ្ចេតនាអ្វីទាំងអស់គ្មានការអាណិតអាសូរអ្វីទាំងអស់។ស្ដាប់បានទេ? តើហ្អែងនៅក្រុមកងចល័ត្នមួយណា? រួចខ្ញុំឆ្លើយតបទៅវិញភ្លាមៗថា បាទមិត្តពូ ខ្ញុំនៅកងចល័តកុមារតំបន់ ២១ស្រុកកំចាយមារ ផ្នែកផលិត និងរកជីចិញ្ចឹមដើមទន្ទ្រានខេត្តផលិតជីលេខ ១ ។ កងឈ្លបនោះនៅតែមិនអស់ចិត្ត បានដេញសួរប្រវត្តិឪពុករបស់ខ្ញុំថែមទៀតថា ល្អណាស់ខំធ្វើការទៅតើឪពុកម្ដាយឯងកាលពីមុនធ្វើការងារអី? ប្រាប់ឲ្យត្រង់មក បើប្រាប់ការពិតដល់អញ អញនឹងឲ្យឪពុកម្ដាយឯងរស់ស្រួល។ អង្គការនឹងឲ្យទៅនៅធ្វើការងារដូចដើមវិញ។ ខ្ញុំដឹងសភាពការណ៍ ហើយបានឆ្លើយបង្វែរថា បាទ!មិត្តពូ ពុកម៉ែរបស់ខ្ញុំពីមុនជាកម្មករសំណង់ធម្មតាទេ ពួកគាត់ពុំចេះអក្សរទេ។
ខ្ញុំព្រឺក្បាលខ្ញាកៗ ហើយប្រញាប់រត់ទៅកន្លែងរោងធ្វើជីវិញទាំងឃ្លាន។ នៅតាមផ្លូវ ខ្ញុំបានចូលទៅក្នុងភូមិហើយបានឃើញការប្រជុំរបស់មេភូមិដែលមានកម្មាភិបាលខ្មែរក្រហមចំនួន ៤ នាក់ព្រមទាំងប្រជាជនជាច្រើននាក់កំពុងតែសួរនាំពីបញ្ហាធ្វើកសិកម្ម និងនិយាយដដែលៗអំពីការធ្វើបដិវត្តន៍ ថែមទាំងគំរាមកំហែងប្រជាជនដោយលើកពីផែនការកម្ចាត់ពួកខ្មាំងដែលមានបំណងចង់ក្បត់។
ថ្ងៃមួយម៉ោងប្រហែល ៩ យប់ខ្ញុំបានឃើញកម្មាភិបាលខ្មែរក្រហមចំនួន ៣ នាក់បានសួរចម្លើយប្រជាជនមួយសន្ទុះ ហើយក្រោយមកក៏ឃើញមានកម្មាភិបាលខ្មែរក្រហមទាំងនោះចាប់ចងដៃរបស់ប្រជាជន និងចងរំភ្នែកទាំងគូបណ្ដើរចេញទៅត្រពាំងខាងក្រោយភូមិ។ ពីមួយថ្ងៃទៅមួយថ្ងៃសោកនាដកម្មបែបនេះកើតឡើងច្រើនណាស់ដែលខ្មែរក្រហមបានធ្វើបាបប្រជាជនខ្មែរស្លូតត្រង់។
មិនយូរប៉ុន្មានឪពុកម្ដាយរបស់ខ្ញុំត្រូវអង្គការជម្លៀសទៅធ្វើការនៅកន្លែងផ្សេងជាច្រើនខែ។ឪពុកម្ដាយរបស់ខ្ញុំបារម្ភចំពោះកូនៗណាស់ ហើយផ្តែផ្ដាំយ៉ាងច្រើនថា សម្បត្តិកូនម៉ែ កូនត្រូវឧស្សាហ៍ទៅអើតមើលប្អូនឯងផងណា។ ម៉ែនិងពុកត្រូវអង្គការផ្លាស់ទៅការដ្ឋានផ្សេងហើយ។ ពីរបីថ្ងៃចាំពុកម៉ែសុំច្បាប់ប្រធានកងមកលេងកូនណា។ ដូច្នេះកូនមិនត្រូវដើរលេងផ្ដេសផ្ដាសទេ និងចេះប្រយ័ត្នពាក្យសម្ដីផងកូន។
ខ្ញុំស្រាប់តែបានឮសំឡេងស្រែកបញ្ជាខ្លាំងៗចេញពីផ្ទះរបស់ពូឆោមថា តើពួកមិត្តឯងចិត្តដាច់ដែរទេ? ពូឆោមស្រែកសួរទៅកម្មាភិបាលពីរនាក់ផ្សេងទៀតដែលទើបនឹងផ្លាស់មកថ្មី។ ពូឆោម គឺជាកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ដែលអង្គការចាត់តាំងនៅតំបន់នេះហើយគាត់មានឋានៈជាប្រធាននយោបាយប្រចាំតំបន់។ កម្មាភិបាលខ្មែរក្រហមទាំងពីរនាក់នោះបានឆ្លើយទាំងអង់អាចថាបាទ!បាទ!មិត្តបងរឿងសម្លាប់មនុស្សជាជំនាញរបស់ខ្ញុំ។ ខ្ញុំធ្លាប់កម្ទេចខ្មាំងរាប់សិបនាក់មកហើយ។ ពូឆោម និយាយបន្តទៀតថា ល្អ មិត្តឯងទាំងពីរនាក់នៅជាមួយខ្ញុំចុះ តែមិត្តឯងត្រូវដឹងថាម ត្រូវលះបង់ឱ្យអស់រឿងគ្រួសារនិយម គ្មានមនោសញ្ចេតនា គ្មានគំនិតសួនតួចិត្តត្រូវដាច់ខាត ស្មោះត្រង់ជាមួយអង្គការឲ្យបាន។ មនោគមន៍វិជ្ជារបស់ខ្មែរក្រហមបានធ្វើឲ្យមនុស្សកាន់តែសាហាវទៅៗ ហ៊ានសម្លាប់ទាំងសាច់ញាតិ និងក្រុមគ្រួសាររបស់ខ្លួន។
ពីមួយថ្ងៃទៅមួយថ្ងៃ អង្គការកាន់តែតឹងរឹងឡើងៗ។ ប្រជាជនបន្តស្លាប់ដោយសារជំងឺ ការស្លាប់និងភាពអត់ឃ្លាន។លុះដល់ថ្ងៃទី ២១ ខែមេសាឆ្នាំ ១៩៧៩ អង្គការបានរៀបចំផែនការទៅវាយយកទឹកដីវៀតណាម។ ពេលនោះ កងទ័ពខ្មែរក្រហមបានស្លាប់ជាច្រើននាក់ដោយសារការវាយបករបស់កងទ័ពវៀតណាម។
ខ្ញុំមានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ ហើយអង្គការតម្រូវឲ្យខ្ញុំចូលបម្រើក្នុងជួរកងទ័ពដើម្បីទៅប្រយុទ្ធនឹងកងទ័ពវៀតណាម។ចំណែកឪពុកម្ដាយរបស់ខ្ញុំ ត្រូវអង្គការផ្លាស់ឲ្យទៅស្ដារប្រឡាយនៅឯតំបន់ព្រែកជីក(អន្លង់រុន) ស្ថិតនៅភូមិថ្កូវ ឃុំកក់ស្រុកពញាក្រែក ខេត្តកំពង់ចាម។

ទោះបីជាកងទ័ពខ្មែរក្រហមខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែការរួបរួមគ្នារវាងកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានកម្ចាត់កងទ័ពខ្មែរក្រហមពីមួយថ្ងៃទៅមួយថ្ងៃរហូតទទួលបានជ័យជម្នះ។ នៅខែមករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះចេញពីការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយប្រជាជនទូទាំងប្រទេសបានជួបជុំសាច់ញាតិ និងចាប់ផ្ដើមកសាងជីវិតឡើងវិញពីបាតដៃទទេ រហូតដល់សព្វថ្ងៃនេះ៕

...

(ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print