ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា កងទ័ពកម្ពុជា ២រូប ដែលបានរងរបួស និងត្រូវបានភាគីថៃចាប់ខ្លួនក្រោយការឈប់បាញ់រយៈពេល ៨ម៉ោង ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ព័ត៌មាននេះក្រោយពេលបានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធា។ បន្ទាប់ពីការប្រជុំបានបញ្ចប់ សម្តេចបានបើកស្តាប់ការនិយាយផ្ទាល់ (livestream) របស់លោក សម វឌ្ឍានា នៅសហរដ្ឋអាមេរិក ដែលបានលើកឡើងអំពីការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងសម័យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ ក្នុងនោះ អត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាត្រូវបានកាត់បន្ថយពី ៤៩% មកជាត្រឹម ១៩% ប៉ុណ្ណោះ។
សម្តេចតេជោបានបន្ថែមថា សម្តេចមិននឹកស្មានថានឹងដេកលក់លើកៅអីបែបនោះឡើយ ហើយបានដឹងថាខ្លួនត្រូវបានថតរូបដោយមនុស្ស ៤នាក់។ ទន្ទឹមនឹងនេះ សម្តេចបានភ្ញាក់ពីដំណេកភ្លាមៗ បន្ទាប់ពីទទួលដំណឹងអំពីការត្រឡប់មកវិញរបស់កងទ័ពកម្ពុជា ២រូប ដែលជាអ្នកដែលប្រជាជនកម្ពុជានិងសម្តេចផ្ទាល់ បាននិងកំពុងរងចាំដោយអារម្មណ៍ក្តីព្រួយនិងសង្ឃឹម។
សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់យុទ្ធជនទាំងពីររូប ឱ្យជាសះស្បើយឆាប់ៗ និងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រយុទ្ធជនដែលកំពុងធ្វើការការពារជាតិ៕
ដោយ ៖ សិលា