មីយ៉ាន់ម៉ាដករដ្ឋក្នុងគ្រាអាសន្ន ត្រៀមបោះឆ្នោត

ចែករំលែក៖

យោធាមីយ៉ាន់ម៉ាបានបញ្ចប់រដ្ឋក្នុងភាពអាសន្នដែលមានរយៈពេលជាង 4 ឆ្នាំមកហើយ ក្នុងការរៀបចំសម្រាប់ការបោះឆ្នោតដែលកំណត់នៅខែធ្នូ។

កាសែត Global New Light of Myanmar ដែលជាកាសែតរបស់រដ្ឋាភិបាលបានដកស្រង់សម្តីឧត្តមសេនីយ៍ឯកMin Aung Hlaing ដែលបាននិយាយនៅក្នុងទីក្រុង Naypyidaw នៅថ្ងៃទី 31 ខែកក្កដាថា “យើងបានឆ្លងផុតជំពូកទីមួយហើយ។ ឥឡូវនេះ យើងកំពុងចាប់ផ្តើមជំពូកទីពីរ”។
យោធាមីយ៉ាន់ម៉ាបានដាក់បម្រាមគោចរ និងបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងខែកុម្ភៈ ឆ្នាំ 2021 បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ដោយបានបង្កើតក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ (NDSC) ដើម្បីគ្រប់គ្រងប្រទេស។
ឧត្តមសេនីយ៍ឯក Min Aung Hlaing បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដកប្រទេសក្នុងភាពអាសន្ន មានន័យថា អំណាចលែងស្ថិតនៅក្នុងដៃរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធទៀតហើយ ប៉ុន្តែបានត្រលប់ទៅជាប្រមុខរដ្ឋវិញ។ លោក Min Aung Hlaing បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទីផងដែរ។
វិធានការនេះកើតមានមុនការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ានៅឆ្នាំនេះ។ លោក Min Aung Hlaing បានបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែធ្នូ បើទោះបីជាកាលបរិច្ឆេទជាក់លាក់មិនត្រូវបានកំណត់ក៏ដោយ។

ប្រធានាធិបតីស្តីទីបាននិយាយថា “ដោយមើលឃើញពីស្ថានភាពសន្តិសុខនៅក្នុងប្រទេស យើងនឹងរៀបចំការបោះឆ្នោតនាពេលខាងមុខជាដំណាក់កាលៗ អាស្រ័យលើស្ថានភាពសន្តិសុខ”។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Min Tun ក៏បានបញ្ជាក់ផងដែរថា «ស្ថានភាពអាសន្នត្រូវបានដកចេញ ដើម្បីឲ្យប្រទេសនេះអាចរៀបចំការបោះឆ្នោតនៅលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពហុបក្ស»។
ទោះជាយ៉ាងណាក៏ដោយ NDSC ក្រោយមកបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន និងច្បាប់អាជ្ញាសឹករយៈពេល 90 ថ្ងៃនៅក្នុងសង្កាត់ចំនួន 63 ដែលភាគច្រើនជាតំបន់ជម្លោះ ឬតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ នៅក្រោមបញ្ជាច្បាប់អាជ្ញាសឹក NDSC នឹងផ្ទេរអំណាចរដ្ឋបាល និងតុលាការនៅក្នុងសង្កាត់ខាងលើទៅអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print