ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ស្នើឲ្យបងប្អូន សាសនិកអ៊ិស្លាមកម្ពុជា ត្រូវរក្សាភាពថ្លៃថ្នូរ ក្នុងពេលទៅចូលរួមបុណ្យហាជ្ជី នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ឆ្នាំ២០១៦នេះ ដោយកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជាជាមួយក្រសួងកិច្ចការហាជ្ជប្រទេសអារ៉ាប៊ីសាអូឌីត ឆ្នាំនេះបានបង្កលក្ខណៈងាយស្រួលដល់អ្នកដែលទៅធ្វើបុណ្យហាជ្ជី ក្នុងការដាក់ពាក្យសុំទិដ្ឋាការទៅធ្វើបុណ្យនេះ ។
លោកបានស្នើសុំបែបនេះ ខណៈលោក និងក្រុមការងារចូលរួមជូនដំណើរបងប្អូនសាសនិកអ៊ិស្លាមទៅធ្វើបុណ្យហាជ្ជីចំនួន ១០០នាក់ទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅឯអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា ថ្ងៃនេះបងប្អូនសាសនិកអ៊ិស្លាម ១០០នាក់បន្ថែមទៀតមានឱកាស និងលទ្ធភាពទៅធ្វើបុណ្យហាជ ដើម្បីបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅប្រទេសរ៉ាប៊ីសាអូឌីត ។
ក្នុងឱកាសនោះ លោកអូស្មាន ហាស្សាន់ ក៏បានសម្រាប់ពីលទ្ឋផលនៃការដាក់ពាក្យស្នើយសុំបែបបទធ្វើទិដ្ឋាការទៅប្រារព្វពិធីបុណ្យហាជ្ជនៅឆ្នាំនេះ សម្រាប់កម្ពុជា គឺគ្មានបញ្ហាកកស្ទះ ឬដាក់កម្រិតតាមចំនួនកំណត់ដូចកាលពីឆ្នាំកន្លងទៅឡើយ ។
លោកបញ្ជាក់ថា ដោយមានកិច្ចអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រួលលើបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្តី បានអនុញ្ញាតិឲ្យខ្ញុំជាតំណាងអញ្ជើញទៅដោះស្រាយជាមួយក្រសួងកិច្ចការហាជ្ជប្រទេស អារ៉ាប៊ីសាអូឌីត។ ជាលទ្ឋផលក្នុងជំនួបសម្តែងការគួរសមរបស់ខ្ញុំ ជាមួយលោក Bandar Al Hajjar រដ្ឋមន្រ្តីក្រសួងកិច្ចការហាជ្ជនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកិច្ចការហាជ្ជ លោករដ្ឋមន្រ្តីបានសន្យាសម្រួលមិនដាក់ បន្ទុកកំណត់របិមាណ ដល់សាសនិក ខ្មែរអ៊ិស្លាមដែលស្នើសុំចេញទិដ្ឋាការទៅប្រារព្ឋពិធីបុណ្យហាជ្ជីដូចជា ឆ្នាំ២០១៥ ទៀតឡើយ ទោះបីជាលទ្ឋភាពរបស់ពលរដ្ឋកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែបរិមាណនេះ ក្រសួងកិច្ចការហាជ្ជនៅតែអាចផ្ដល់ការអនុគ្រោះ ជាពិសេសដោយឃើញពីទំនាក់ទំនងល្អរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋជាទូទៅរួមទាំងសាសនិកអ៊ិស្លាមផងដែរ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ឆ្នាំនេះសាសនិកអ៊ិស្លាមដែលបាននិងកំពុងចេញដំណើរជាបន្តបន្ទាប់ ទៅបំពេញកាតព្វកិច្ចពិធីបុណ្យហាជ្ជីមានចំនួន ៨០០នាក់ ដែលចំនួននេះគឺមិនទាន់មានបុគ្គលណាម្នាក់ ត្រូវបានបិទមិនចេញទិដ្ឋការជូននោះឡើយ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រតិភូក្នុងរដ្ឋាភិបាលកម្ពុជាបានសន្យាថា នឹងបន្តនៅជាមួយបងប្អូន ហើយតស៊ូដោះស្រាយរាល់បញ្ហាកង្វល់នានា ដែលកើតឡើងទាំងមុន កំពុង និងក្រោយកិច្ចការប្រារព្ឋពិធីបុណ្យហាជ្ជីនេះ ជាពិសេសលោកក៏បានឲ្យបណ្តាក្រុមហ៊ុនអ្នកដឹកនាំហាជ្ជទាំងអស់ផ្តល់លេខទូរស័ព្ទជូនលោកដើម្បីងាយស្រួលបន្តទាក់ទងសួរសុខទុក្ខនៅពេលដែលពួកគេទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបសម្ភាសន៍នឹងបណ្តាអ្នកសារព័ត៌មាន សាសនិកអ៊ិស្លាមកម្ពុជា ដែលគ្រោងនឹងចេញដំណើរ បានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការសម្រួលរាល់បញ្ហាកកស្ទះនានា ក្នុងដំណើរការទៅធ្វើពិធីបុណ្យហាជ្ជី ជាពិសេសឆ្នាំនេះ ពុំមានឧបសគ្កនានាដែលតែងតែកើតឡើងដូចក្នុងបណ្តាឆ្នាំកន្លងទៅឡើយ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ កន្លងទៅ បងប្អូនសាសនិកអ៊ិស្លាមចំនួន ១.២០០នាក់ ដែលបានចុះឈ្មោះសុំទិដ្ឋាការទៅធ្វើពិធីបុណ្យហាជ្ជី តែដោយមានការកំណត់ចំនួនពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ធ្វើឲ្យអ្នកដែលទទួលបានទិដ្ឋាការតែ ៦៨០នាក់ប៉ុណ្ណោះក្នុងនោះមាន៤០ជាក្រុមហាជ្ជីផ្លូវការ ដែលឧបត្ថម្ភដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
សូមជំរាបផងដែរថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាអ៊ិស្លាម ។ ជារៀងរាល់ឆ្នាំ សាសនិកអ៊ិស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៤លានអ្នក អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេស អារ៉ាប៊ីសាអូឌីត។ នៅឆ្នាំនេះពិធីបុណ្យអាចនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១១ ខែកញ្ញា ហើយបន្តរយៈពេលប្រមាណមួយសប្តាហ៍។ សម្រាប់អ្នកដែលគ្មានលទ្ធភាពការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ ៕
ដោយ៖ សំរិត
...