ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឲ្យក្មេងស្រីម្នាក់អាយុប្រមាណ៦ឆ្នាំធ្លាយខួរស្លាប់ និងជីតារងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យខេត្តដោយសាររថយន្តដឹកកម្មករបុក កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងមុខពេទ្យអនាម័យ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីដែលបាត់បង់ជីវិតមានឈ្មោះអេង សម្បត្តិដាវីន អាយុ៦ឆ្នាំ មានទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯជីតាដែលរងរបួសធ្ងន់មានឈ្មោះម៉ន សុផុន អាយុ៧៥ឆ្នាំ មានទីលំនៅភូមិកៀនសាំង សង្កាត់-ក្រុងស្វាយរៀង ខណៈបើកបរម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខស្វាយរៀង1F-1926 ខូចខាតទាំងស្រុង។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតនៅមុនពេលកើតហេតុគេឃើញជីតានិងចៅស្រីជិះម៉ូតូមួយគ្រឿងពីលិចទៅកើតខណៈដែលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏បត់ទៅជើងគោលបំណងទៅលេងផ្ទះអ៊ំុ ស្រាប់មានរថយន្តប្រភេទទេសចរណ៍ ពាក់ស្លាកលេខកំពង់ចាម3A-0627 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដោយផ្ទុកកម្មករកម្មការីពេញធ្វើដំណើរពីលិចមកកើតបុកចំពាក់កណ្តាលម៉ូតូខ្ចាត់ចៅស្រីចំកង់រថយន្តកិនក្បាលធ្លាយខួរគួរឲ្យញាក់សាច់ រីឯជីតាបោកនិងថ្នល់រងរបួសធ្ងន់។
ក្រោយមកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្ត និងកម្មករយំសោកអាណិតដល់ក្មេងស្រីស្លាប់យ៉ាងអាណោចអាធ័ម និងសំឡេងសាច់ញាត្តិទួញយំអោបក្មេងស្រីលើផ្លូវផងដែរ។
បច្ចុប្បន្នសពក្មេងស្រីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជីតាក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះប៉ុន្តែសង្ឃឹមតិច ព្រោះតែរបួសធ្ងន់ធ្ងរពេក។ ចំណែករថយន្តបង្កសមត្ថកិច្ចអូសទៅទុកនៅការិល័យចរាចរណ៍ខេត្ត ដើម្បីរងចាំដោះស្រាយនាពេលក្រោយ៕
ដោយ៖ យឹម សុថាន
...