លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យដំណើរការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ និងមន្ត្រីច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគនៃគណៈកម្មការរៀបចំការប្រជែងជ្រើសរើសមន្ត្រីរាជការនៅមណ្ឌលប្រឡងស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ។ ការប្រឡងប្រជែងថ្ងៃនេះ ជាការជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១)។

ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី១) យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ។ រាល់ដំណើរការរៀបចំ តែងមានតាមដានមើលពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនស្ម័គ្រចិត្ត។

សូមជម្រាបថា វិញ្ញាសាដែលកំពុងតាក់តែង សម្រាប់ការប្រឡងប្រជែងនាពេលរសៀលថ្ងៃនេះមានចំនួន២។
(១)វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ចំនួន ៣វិញ្ញាសារួមមាន៖ វិញ្ញាសាសរសេរជំនាញពាក់ព័ន្ធកសិកម្ម, វិញ្ញាសាពហុចម្លើយភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម និង វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ (២)វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ចំនួន ២វិញ្ញាសារួមមាន៖ វិញ្ញាសាអធិប្បាយជំនាញ និងវិញ្ញាសាអធិប្បាយចំណេះដឹងទូទៅ។

ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក។ ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តទៅ នាពេលរសៀលក្នុងថ្ងៃតែមួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print