ភ្នំពេញ ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពេញមួយថ្ងៃ មានការចូលរួមពីអ្នកសង្កេតការណ៍ ចំនួន ២៦៥នាក់។ អ្នកសង្កេតការណ៍ទាំងនេះ អញ្ជើញមកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ២០៥នាក់, និងជាតំណាងសាកលវិទ្យាល័យ ចំនួន ១០នាក់, សាធារណជនស្ម័គ្រចិត្ត ចំនួន១០នាក់ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួន ៤០នាក់។
អ្នកសង្កេតការណ៍ដែលអញ្ជើញចូលរួម មានតួនាទីឃ្លាំមើលសកម្មភាព និងដំណើរការនៃការប្រឡងប្រជែង ក្នុងគោលដៅធានាថា ការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅ ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព។ ទន្ទឹមនឹងនេះអ្នកសង្កេតការណ៍ ដែលជាយុវជន ស.ស.យ.ក ក៏បានចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មានពីដំណើរការទូទៅ នៃការប្រឡងជូនទៅដល់បេក្ខជនតាមការចាំបាច់៕
ដោយ ៖ សិលា