ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលបំភ្លៃថាកម្ពុជាបានបង្ហោះដ្រូនចូលក្នុងទឹកដីថៃ ដោយហៅថាជាការផ្សព្វផ្សាយខ្លឹមសារបំភ្លៃ មិនពិត និងមានចរិតលាបពណ៌ ដែលជាការរុញឲ្យកើនឡើងកម្ដៅដែលមិនចាំបាច់។
លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «កម្ពុជាសូមច្រានចោលចំពោះការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយបានយករូបភាព វីដេអូក្លែងក្លាយ មកធ្វើ អត្ថាធិប្បាយ និងបកស្រាយ ជាខ្លឹមសារបំភ្លៃ មិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ។ ទង្វើទាំងអស់នេះមិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាពឲ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឲ្យមានការកើនឡើងនូវកម្ដៅដែលមិនចាំបាច់។ កម្ពុជាទទូចឲ្យពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ»។
ជាកាឆ្លើយតបត្រឡប់ទៅវិញ លោកស្រី ម៉ាលី សុជាតា ក៏បានអំពាវនាវឲ្យភាគីថៃចៀសវាងបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសកម្ពុជាតទៅទៀត ដោយបានសង្កត់ធ្ងន់ថា «ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឲ្យភាគីថៃចៀសវាងការបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត។ ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្របចំពោះសកម្មភាពរំលោភបំពានទាំងអស់នោះផងដែរ»។
អ្នកនាំពាក្យក្រសួងការពារជាតិ «គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា នេះ ភាគីថៃមិនទាន់បានបញ្ជូនត្រលប់កងកម្លាំងយើងទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនចាប់តាំងពីព្រឹកម៉ោង៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះនៅឡើយទេ។
កម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨នាក់»៕
ដោយ ៖ សិលា