ខេត្តកណ្ដាល÷ កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៨និង៣០នាទីល្ងាច ថ្ងៃទី២ សីហា ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនយុវជនចំនួន ៥នាក់។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖ណាង ប៊ុននី ភេទប្រុស អាយុ ១៧ឆ្នាំ), ផល ចិន ហៅចិនតូច ភេទប្រុស អាយុ១៨ឆ្នាំ, លន់ ជាស្រ៊ុន ភេទប្រុស អាយុ១៤ឆ្នាំ, វ៉ាន់ វិត ភេទប្រុស ភេទ១៨ឆ្នាំ, និង សុខ សាន់ភេទប្រុស អាយុ ១៧ឆ្នាំ។ ក្រោយការពិនិត្យ ទឹកនោមជនសង្ស័យទាំង ៥នាក់សុទ្ធតែមានផ្ទុកសារធាតុញៀន។
ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀន (ម៉ាទឹកកក) សរុប ០៥កញ្ចប់មធ្យម ទម្ងន់ ១១,២៣ក្រាម, ទូរស័ព្ទ iPhone X ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំ ០១ គ្រឿង, ម៉ូតូ ២គ្រឿង (ម៉ាក YANAHA-XENTE និងម៉ាក Honda Dream ស៊េរីឆ្នាំ២០២២) និងសម្ភារៈសម្រាប់ប្រើប្រាស់ និងជក់គ្រឿងញៀនមួយចំនួន។
លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អអំពីការជួញដូរគ្រឿង ញៀននៅចំណុចខាងលើ។ កម្លាំងជំនាញក៏បានចុះទៅដល់ ហើយប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ណាង ប៊ុននី កំពុងជិះម៉ូតូ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់សួរនាំ រកឃើញថ្នាំញៀន ០១កញ្ចប់មធ្យមលាក់ក្នុងហោប៉ៅខោ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បន្តនាំខ្លួនជនសង្ស័យទៅបន្ទប់ជួលរបស់ខ្លួននៅក្បែរនោះ ហើយក៏ឃើញបក្ខពួក ៤នាក់ទៀតកំពុងអង្គុយលេង។ ក្រោយការឆែកឆេរ កម្លាំងរកឃើញថ្នាំញៀន ០៤កញ្ចប់ទៀតលាក់ក្នុងកន្ត្រកខោអាវ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ណាង ប៊ុននី បានសារភាពថា ថ្នាំញៀនទាំង ៥កញ្ចប់នេះជារបស់ខ្លួន ដែលបានទិញពីបុរសឈ្មោះ ចិន ហៅចិនធំ នៅម្តុំព្រែកតាំហ៊ុន ដើម្បីលក់បន្ត ហើយខ្លួនទទួលបានប្រាក់ ១០០.០០០រៀលសម្រាប់ថ្លៃចាយវាយ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕