ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងមានវិវាទជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជា គ្រប់ជាន់ថ្នាក់បានធ្វើការងារយ៉ាងស្រស្រាក់ស្រស្រាំមិនដែលសម្រាកឡើយ ក្នុងនោះបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិន ជាពិសេសយោធិនពលី និងរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ។
ការថ្លែងបែបនេះរបស់ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកប្រធានអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិនដែលពលី និងរងគ្រោះតាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងអំពាវនាវដល់ធនាគារ និងមីគ្រូហិរញ្ញវត្ថុឱ្យទម្លាក់ចោលនៅកម្ចីដែលគ្រួសារយោធិនពលីជាប់ជំពាក់ផងដែរ។ ក្រៅពីនេះក៏មានគោលនយោបាយពិសេសដើម្បីជួយគាំទ្រដល់យោធិនដែលរងគ្រោះរបួស ឬពិការក្នុងការប៉ះទង្គិចគ្នាជាមួយថៃនាពេលកន្លងទៅនេះ។
សូមបញ្ជាក់ថាក្រោយមានការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី៣ ខែសីហានេះ វិស័យធនាគារឯកជនទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដោយបានប្រកាសលុបចោលរាល់បំណុលចំពោះយោធិនដែលបានពលីនៅសមរភូមិមុខក្នុងពេលប៉ះទង្គិចគ្នាជាមួយថៃ។ ក្រៅពីនេះក៏បានផ្ដល់ការអនុគ្រោះដល់យោធិនដែលរងគ្រោះ និងពិការផងដែរ៕ ដោយ៖តារា