ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះទង្វើបង្ករឿងរបស់ទាហានថៃ កាលពីម្សិលមិញដែលបានពង្រាយកម្លាំងប្រដាក់អាវុធ ដាក់គ្រឿងចក្រ និងរាយបន្លាលួសចូលដែនអធិបតេយ្យរបស់កម្ពុជា ខណៈទង្វើរបស់ថៃនេះ គឺជាការរំលោកបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អាស៊ាន និងច្បាប់អន្តរជាតិនោះ។
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកអ្នកនាំពាក្យ ជុំ សុន្ទរី បានអំពាវនាវឲ្យទាហានថៃ គោរពនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចអ្វីដែលស្របទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញរបស់អាស៊ាន រួមនិងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ រួមទាំងបញ្ឈប់ជាបន្ទាន់នូវទង្វើយោធា និងសកម្មភាពដែលជាឯកតោភាគី ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រជាជនស៊ីវិល និងធ្វើឲ្យភាពតានតឹងកើនឡើងបន្ថែមទៀត នៅតាមព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ)។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏បានប្រាប់ទៅភាគីថៃថា«សូមឲ្យមានភាពស៊ីគ្នាក្នុងការ ប្រកាសជាសាធារណៈនូវការតាំងចិត្តរបស់ខ្លួន ចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តដោយសុច្ចចិត្តនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ សូមឲ្យជៀសវាងពីការធ្វើឲ្យមានភាព តានតឹងកើតឡើងថែមទៀត ហើយនិងការផ្សាយព័ត៌មានមិនពិត ដែលគំរាមកំហែងទៅដល់សន្តិសុខដ៏ផុយស្រួយ និងស្ថិរភាពនៅតាមបណ្តោយព្រំដែនទាំងពីរ»។
លោកអ្នកនាំពាក្យក្រសួងការបរទេស ក៏បានប្រកាសបដិសេធ យ៉ាងដាច់អហង្ការចំពោះក្រសួងការបរទេសថៃ ដែលតែងតែចោទប្រកាន់មកលើកម្ពុជាម្តងហើយម្តងទៀតថា ការផ្ទុះអាវុធនាពេលកន្លងមកគឺផ្តើមចេញពីកម្ពុជា ខណៈថៃខ្លួនឯងទៅវិញទេ ដែលជាអ្នកបំពាន និងប្រព្រឹត្តចំពោះកម្ពុជាមុនរហូតដល់រំលោភបំពានលើបទឈប់បាញ់បន្ថែមទៀតនោះ។
លោកអ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់នេះ និងបន្តដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ៕