ប៉ូលីសនៅទីក្រុង Los Angeles សហរដ្ឋអាមេរិកបាននិយាយថា មនុស្សយ៉ាងហោចណាស់ 2 នាក់បានស្លាប់ និង 6 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារដែលបានកើតឡើងកាលពីម្សិលមិញនៅឯពិធីប្រគុំតន្ត្រីបន្ទាប់ពីពិធីជប់លៀងមួយនៅកណ្តាលទីក្រុង។
ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី 4 ខែសីហា ម៉ោងនៅសហរដ្ឋអាមេរិកនៅតំបន់ឧស្សាហកម្មភាគខាងជើងនៃផ្លូវ Santa Monica Freeway ជិត Interstate 10។ យោងតាមនាយកដ្ឋានប៉ូលីស Los Angeles ការបាញ់ប្រហារបានកើតឡើងនៅតាមផ្លូវក្បែរកន្លែងជប់លៀងសម្រាប់ពិធីប្រគុំតន្ត្រីអេឡិចត្រូនិក Hard Summer ដែលទើបតែបានបញ្ចប់នៅឯ Hollywood Park ។
បើតាមសមត្ថកិច្ចមូលដ្ឋានជនរងគ្រោះជាប្រុសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកនារីរងគ្រោះម្នាក់បានស្លាប់នៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ អ្នករងរបួសចំនួន៦នាក់ ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ូលិសបានទៅដល់តំបន់នោះប្រហែលពីរម៉ោងមុនពេលកើតហេតុដើម្បីបំបែកការជួបជុំមួយដែលមានមនុស្សប្រមាណពី ៥០ ទៅ ៦០ នាក់។ មនុស្សម្នាក់ត្រូវបានចាប់ខ្លួនពីបទកាន់កាំភ្លើង ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើការបាញ់ប្រហារនេះពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នាដោយផ្ទាល់ឬអត់នោះទេ។
ពេលសមត្ថកិច្ចត្រឡប់ទៅកន្លែងកើតហេតុក្រោយការបាញ់កាំភ្លើងបានប្រទះឃើញហ្វូងមនុស្សយ៉ាងច្រើនរត់គេចខ្លួនធ្វើឱ្យពិបាកក្នុងការចូលទៅជិតនិងគ្រប់គ្រងស្ថានការណ៍។ មិនមានព័ត៌មានអំពីជនសង្ស័យ ឬមូលហេតុនៃការប្រព្រឹត្តបទល្មើសនេះទេ។
អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានពណ៌នាអំពើហឹង្សាថាជា “សោកនាដកម្ម” ហើយបានសន្យាថានឹងទទួលខុសត្រូវចំពោះជនល្មើស។ លោកស្រីក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសារផងដែរ។ អាជ្ញាធរកំពុងបន្តស្រាវជ្រាវរកមូលហេតុ និងស្វែងរកជនដៃដល់៕
រូបថត: business insider