ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុ៧៣ ឈានចូល ៧៤ឆ្នាំ នាថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវមោទនភាព និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ប្រទេសជាតិទទួលបាននូវការឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយទទួលបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ជូនសង្គមជាតិគ្រប់កាលៈទេសៈទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ ដែលបម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយ សុភមង្គល និងវិបុលភាព។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា ការពារ និងប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចយ៉ាងត្រចះត្រចង់ ជូនជាតិ និងមាតុភូមិជានិច្ចនិរន្តរ៍តរៀងទៅ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ៕