បុរសម្នាក់នៅក្រុងអរិយក្សត្រ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយយកកាំបិតបុ័ងតោជន្លក្បាលនារីម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់នៅក្រុងអរិយក្សត្រ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីយកកាំបិត បុ័ងតោជន្លក្បាលនារីម្នាក់ ខណៈជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ សីហា ២០២៥ វេលាម៉ោង១១ និង ១៥នាទី ស្ថិតនៅចំណុចក្នុងផ្ទះមួយកន្លែង ក្នុងភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អោប ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំបានធ្វើសកម្មភាពគំរាមកំហែងនារីរងគ្រោះឈ្មោះ សុខ នឿន អាយុ២៨ឆ្នាំ ដោយយកកាំបិតបុ័ងតោជន្លក្បាល និងនិយាយគំរាមថា “កុំចង់ខ្លាំង” ខណៈដែលជនរង គ្រោះកំពុងនិយាយជាមួយជីដូនរបស់ខ្លួន។ ការគំរាម កំហែងនេះ គឺបន្តពីការឈ្លោះប្រកែកគ្នាពីមុនមក ដែលជនសង្ស័យធ្លាប់បានចោទប្រកាន់ប្ដីរបស់នារីរងគ្រោះថា បានទូរសព្ទប្រាប់សមត្ថកិច្ច រហូតដល់កាន់កាំបិតផ្គាក់រត់រកកាប់ថែមទៀតផង។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចភ្លាមៗ ហើយកម្លាំងនគរបាលក៏ចុះទៅដល់ទីតាំងកើត ហេតុ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អោប ចំរើន ព្រមទាំងចាប់យកវត្ថុតាងជាកាំបិតបុ័ងតោ ១ ដើម។ ក្រោយពីធ្វើតេស្តិ៍ទឹកនោម ជនសង្ស័យក៏បានបង្ហាញលទ្ធផលវិជ្ជមាន(+) មានសារធាតុញៀនក្នុងខ្លួនផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតបុ័ងតោជន្លក្បាលជនរង គ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print