ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់លើការលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយកំណត់តាមស្ដង់ដាចិន និងអាល្លឺម៉ង់ ព្រមទាំងជំរុញទេពកោសល្យខាងផ្នែកបច្ចេកទេស និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នឹងជួយឱ្យសិស្សកម្ពុជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលជាគន្លឹះយ៉ាងសំខាន់ ក្នុងការបង្កើតផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងប្រែក្លាយកម្ពុជាជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។
ជាការឆ្លើយតប លោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានគាំទ្រចំពោះឆន្ទៈ នៃការធ្វើទំនើបកម្មរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាពការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យស្របទៅនឹងតម្រូវការទីផ្សារ ដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន៕