ខេត្តស្ទឹងត្រែង៖ ស្ថានភាពកម្ពស់ទឹកទន្លេនានា បានស្រកចុះជាបណ្ដើរៗហើយ នៅក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។ ដូចគ្នានេះដែរព្រឹកទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាមក៏បានស្រកបន្តិចដែរ។ យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥ ថាកម្ពស់ទឹកទន្លេចំនួន៣ បានស្រកចុះរួមមាន៖
សម្រាប់ទន្លេមេគង្គ (ស្ថានីយស្ទឹងត្រែង) ដោយកម្ពស់ទឹកកាលពីម្សិលមិញ ៩.៣៦ ម៉ែត្រ ខណៈ កម្ពស់ទឹក ថ្ងៃនេះ ៩.០៦ ម៉ែត្រ។ ចំណែក កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ រីឯកម្ពស់ប្រកាសអាសន្ន ១១.៣០ ម៉ែត្រ។
ចំពោះទន្លេសេសាន (ស្ថានីយសេសាន) ដោយកម្ពស់ទឹកកាលពីម្សិលមិញ៦.៥៣ ម៉ែត្រខណៈកម្ពស់ទឹកថ្ងៃ នេះ ៦.១៧ ម៉ែត្រ។ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ៩.៩០ ម៉ែត្រ រីឯកម្ពស់ប្រកាសអាសន្ន ១០.៥០ ម៉ែត្រ។ រីឯនៅទន្លេសេកុង (ស្ថានីយសៀមប៉ាង) ដោយកម្ពស់ទឹកកាលពីម្សិលមិញ ៧.១៦ ម៉ែត្រ ខណៈកម្ពស់ទឹកថ្ងៃនេះ ៦.៤០ ម៉ែត្រ។ ចំណែកកម្ពស់ទឹកប្រុងប្រយ័ត្ន ១១.៥០ ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១២.០០ ម៉ែត្រ។
ជាមួយគ្នានេះ មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលលើខេត្តស្ទឹងត្រែង ស្ថានភាពបែបនេះ ចាប់ ពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានខ្យល់បក់មកពីទិសទក្សិណ ប៉ុន្ដែពុំមានភ្លៀងនោះទេ។
ជាមួយគ្នានេះដែរ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រុកចុះថែមទៀត។ បើយោងតាលោកលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះបន្តិចទៀតនៅកម្ពស់១២.៩៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,១០ម៉ែត្រ។
ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ ទឹកទន្លេ មានកម្ពស់ត្រឹម ១០.៦៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕