ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា តាមព័ត៌មានបឋម ត្រឹមព្រឹក ថ្ងៃទី០៦ខែសីហាឆ្នាំ២០២៥ នេះមានពលករខ្មែរប្រមាណ៨ម៉ឺននាក់បន្ថែមទៀតត្រៀមវិលចូលប្រទេស វិញតាមច្រកអន្តរជាតិដូង ខណៈម្សឹលមិញមានពលករចូលតាមច្រកនេះជាង១០ម៉ឺននាក់។ ការថ្លែងបញ្ជាក់នេះខណៈលោកអភិបាលខេត្ត បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះទៅពិនិត្យស្ថានភាព និងទទួលស្វាគមន៍ ពលករដល់មាត់ច្រកទ្វារព្រំដែនផ្ទាល់។
បើតាមរបាយការណ៍ដែលផ្តល់ដោយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតចាប់ពីក្រោយផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជាថៃ ដែលបង្កឡើងដោយទាហាន ថៃមុននោះ គឺចាប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ ដល់០៥ខែសីហា ពោលគឺរយៈពេល១២ថ្ងៃ មានចំនួនប្រជាពលរដ្ឋ និងពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសវិញ ចំនួនជាង ៤៥ម៉ឺននាក់ ។ តួលេខនេះបើបូកថ្ងៃទី០៦សីហា ចំនួន៨ម៉ឺននាក់ទៀត គឺកើនជាង៥០ម៉ឺននាក់ ។
ជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ ។
គួរបញ្ជាក់ថា បើតាមក្រសួងការងារ ការវិលត្រឡប់មកមាតុប្រទេសវិញរបស់ប្រជាពលករខ្មែរពីថៃ ពីថ្ងៃទី៨ មិថុនា មកដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានចំនួនសរុប ៦៧០ ៨៣៩ នាក់៕