ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ សូមនិយាយបន្តិចពីកាំបិតមុខ ២ នៃការឃោសនា ! កន្លងមក ថៃប្រឹងស្រែកថាពួកគេជោគជ័យខ្លាំងព្រោះសម្លាប់មេទ័ពកម្ពុជាតាំងពីថ្នាក់ឧត្តមសេនីយឡើង តែបានតែបន្តិចក៏បិទមាត់ឈឹង ព្រោះអ្នកក្តៅក្រហាយគឺទាហានថៃ ។
លោក ខៀវ កាញារិទ្ធ បានថ្លែងបន្តថា ទាហានថៃនិយាយថា មេទ័ពខ្មែរស្លាប់ព្រោះមេទ័ពខ្មែរនៅជួរប្រយុទ្ធជាមួយកូនទាហាន ឯមេទាហានថៃនៅសម្ងំតែខាងក្រោយ រុញកូនទាហានអោយស្លាប់ជំនួស មិនសមជាមេទេ ។ ឮរឿងនេះ ខ្ញុំក៏នឹកឃើញសម័យកម្ពុជាប្រជាធិបតេយ្យច្បាំងជាមួយវៀតណាម ។ នៅឆ្នាំ ១៩៧៨ វិទ្យុកម្ពុជាប្រជាធិបតេយ្យ និយាយថាប្រជាជនវៀតណាមស្អប់រដ្ឋាភិបាលខ្លួនហើយធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយួនរាល់ថ្ងៃ ។
ពេលពួកយើងអ្នកថ្មីស្តាប់ឮ ក៏លាន់មាត់ថា «យី យ៉ាងហោចណាស់គេអាចធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលគេបាន បានន័យថាគេមានសេរីភាពឆ្ងាយដាច់ពីយើងហៅមិនឮ ព្រោះខាងយើងវិញគ្រាន់តែហ៊ានរិះគន់មេសហករណ៍ក៏គេយកទៅវ៉ៃចោលដែរ ។ បើវៀតណាមមក យ៉ាងហោចក៏គ្រាន់បើដែរ ! » ។ នេះហើយជាកាំបិតមុខ ២ ។
លោក ខៀវ កាញារិទ្ធ បានបញ្ជាក់ថា ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន ។ វៀតណាមខាងជើងព្រោះតែលង់នឹងការឃោសនារបស់ខ្លួនថាជាការពិត បានជាបរាជ័យក្នុងការវាយលុកបុណ្យចូលឆ្នាំ ( Têt Offensive ) ឆ្នាំ ១៩៦៨ ៕
ដោយ៖តារា