អ្នកនាំពាក្យក្រសួង​ពាណិជ្ជកម្ម​៖ ពន្ធ ១៩% អាចឱ្យកម្ពុជាប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់លើផលិតផលនាំចេញទៅអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក ប៉ែន សុវិជាតិ ​បាន​គូស​បញ្ជាក់​ថា អត្រា​ពន្ធ ១៩ % របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ក្នុង​តំបន់​លើ​ផលិតផល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក។

លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ទីផ្សារ​ធំ​សម្រាប់​វិស័យ​វាយនភណ្ឌ​​កម្ពុជា ហើយកម្ពុជា​ក៏​គ្រោង​នាំ​ចេញ​ទំនិញ​ផ្សេង​ៗ​ទៀត​តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដូចគ្នាដែរ ដែលទំនាក់​ទំនង​នេះ គឺ​ជា​ទំនាក់​ទំនង​មួយ​ដែល​មាន​សក្ដានុពល​ដោយ​សារ​អាមេរិក​មាន​កម្លាំង​ទិញ​ធំ​ ដូច្នេះ​ចំពោះ​ទីផ្សារ​​មាន​សក្ដានុពល​បែប​នេះ​ កម្ពុជា​ចាំ​បាច់​ត្រូវ​ថែរក្សា​ ហើយ​កម្ពុជា​ចាំ​បាច់​ត្រូវ​ធ្វើយ៉ាង​ណា​ត្រូវ​ប្រឹងប្រែង​រក្សា និង​ពង្រឹង​ទីផ្សារ​នេះ​ឱ្យ​បាន​។

លោក​អ្នកនាំពាក្យ​រូបនេះ​ បាន​លើក​ឡើង​ថា កន្លង​មក​អ្នក​បញ្ជា​ទិញ​របស់​កម្ពុជា ក៏ដូចជាក្រុមហ៊ុន​ធំៗ​ដែល​ជា​អ្នក​ទិញ​នៅ​សហរដ្ឋ​អាមេរិក ​មាន​ទំនុក​ចិត្ត​មក​លើ​វិស័យ​កាត់ដេរ សំលៀកបំពាក់ និង​ស្បែក​ជើង កាបូប​ ធ្វើ​ដំណើរ​ និង​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ ដែល​ជា​ឧស្សាហកម្ម​វិនិយោគ​នៅ​ក្នុង​ប្រទេស​នៅ​ពេល​ដែល​អត្រា​ពន្ធ​របស់​លោក ដូណាល់ ត្រាំ ឡើង​ខ្ពស់​ ក៏បានធ្វើ​ឱ្យពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះដែរ​ ក្នុង​ចំណោម​អ្នក​នាំ​ចេញ​របស់​កម្ពុជា​ដែល​ធ្លាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​។

ប៉ុន្តែ ក្រោម​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់​តាំង​ក្រុម​ការងារ​ដោះ​ស្រាយ​បញ្ហា​ពន្ធ​លោក​ ត្រាំ​ ដែល​មាន​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល លោក​ស្រី ចម និម្មល និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ធ្វើ​ឱ្យការ​ចរចា​ទៅ​លើ​បញ្ហា​ពន្ធ​នេះ បានធ្លាក់ចុះតាំង​ពី ៤៩% ​មក​នៅ ៣៦%​ ហើយ​ចុង​ក្រោយ​នេះ​ការ​ចរចា​របស់​យើង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​ គឺ​​អត្រា​ពន្ធ​ធ្លាក់​មក​នៅ​ត្រឹម ១៩%​ ប៉ុណ្ណោះ​។

លោកអ្នកនាំពាក្យរូបនេះ​ បានអះអាងថា៖«កត្តា​ពន្ធ​ ១៩% នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​មួយ​ចំនួន​ ដែល​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ សំលៀក​បំពាក់​ ស្បែក​ជើង ផលិត​ផល​ធ្វើ​ដំណើរ និង​កាបូប​ ដូច្នេះ​នៅ​ពេល​ដែល​កម្ពុជា​មាន​លក្ខណៈ​ប្រកួត​ប្រជែង​បែប​នេះ ​គឺ​សញ្ញា​មួយ​ល្អ​ ដែល​អាច​​ឱ្យ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគ​បាន​បន្ថែម​ទៀត តាមរយៈបរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មា​ន​លក្ខណៈ​អំណោយ​ផល​ ហើយ​កម្លាំង​ពលកម្ម​ក៏​នៅ​ក្មេង​ ព្រម​ទាំង​​បរិយាកាស​ធុរកិច្ច និង​ការងារ​មាន​លក្ខណៈ​អំណោយ​ផល​ច្រើន​សម្រាប់​ការ​រីក​ចម្រើន»។

បន្ថែម​ពីនេះ​ លោកអ្នកនាំពាក្យ​ សង្ឃឹម​ថា​ ជា​មួយ​និង​អត្រា​ពន្ធ​ដែល​មាន​លក្ខណៈ​​ប្រហាក់​ប្រហែល​គ្នា​ទៅ​និង​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ដូច​គ្នា កម្ពុជា​អាច​នឹង​មាន​ព្រាប​ខ្លះ​នៅ​ក្នុង​ការ​រក្សា​បាន​នូវ​ការវិនិយោគ​ ព្រម​ទាំង​ការ​ទាក់ទាញ​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​នេះ​ឱ្យ​មក​បោះ​ទុន​​វិនិយោគ​នៅ​កម្ពុជា។

លោក ប៉ែន សុវិជាតិ​ ក៏​បាន​បន្ត​ថា បើទោះ​បី​ជា​ជាក់ស្តែង​ ស្ថិត​នៅ​ក្នុង​ការ​ចរចា​ក៏​ដោយ ក៏​យើង​ឃើញ​ថា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​បន្តបន្ទាប់​នៅតែអាច​សម្រេច​បាន​​ទៅ​លើ​គម្រោង​វិនិយោគ​បាន​ច្រើន​ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​កាត់ដេរ​ សំលៀកបំពាក់​ និង​ធ្វើ​ដំណើរ​ផង​ដែរ​។

លោក ប៉ែន សុវិជាតិ បន្ថែម​ថា៖«ដូច្នេះ កុំ​ព្រួយ​បារម្ភ​យើង​អាច​និយាយ​បាន​ថា​អត្រា​ពន្ធ ១៩% នៅ​តែ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់ ជា​ពិសេស​ភាព​ប្រកួតប្រជែង​ជា​មួយ​ដៃ​គូរ​ធ្លាប់​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​វិស័យ​ដូច​គ្នា​នៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ»។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យរូបនេះ​ បាន​អះអាង​ថា ​ទៅ​អនាគត​ យើង​ក៏​រំពឹង​ថា វិស័យ​នេះ​និង​ជួយ​រួម​ចំណែកធ្វើ​ឱ្យ​ប្រទេស​កម្ពុជាអាចកសាង​សេដ្ឋកិច្ច​​ដែល​មាន​លទ្ធភាព​សម្រេច​តាម​ផែន​ការ​ នៅ​ឆ្នាំ​២០២៩ ត្រូវ​ចេញ​ឋានៈ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​តិច​តួច​ទៅ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​នៅ​ក្នុង​ឆ្នាំ​២០៣០ ​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ ​ហេតុ​នេះ​ហើយ ពន្ធ​នេះ កម្ពុជា​នៅ​មាន​សង្ឃឹម​ច្រើន ហើយ​អាច​និង​ជួយ​កម្ពុជា​ឱ្យ​មាន​ការ​កសាង​នូវ​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ឱ្យ​មក​វិនិយោគ​ និង​​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​បន្ត​ទៀត​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print