ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែររាប់ម៉ឺននាក់ បានបន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណៈលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ របស់រដ្ឋបាលខេត្ត បន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រឡប់ទៅស្រុកកំណើតវិញ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយដោះស្រាយ និងសម្របសម្រួលជូន ២៤ម៉ោង/២៤ម៉ោង។
គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមឈ្លានពានតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើង បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ។
សូមបញ្ជាក់ថា, អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី៦ ខែសីហានេះ សភាពការណ៍តាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈតំបន់អានសេះ កំពុងស្ថិតក្រោមការឃ្លាំមើលដោយប្រុងប្រយ័ត្នខ្ពស់បំផុតរបស់កងកម្លាំងកម្ពុជា។
នេះជាប្រសាសន៍របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕
ដោយ : សិលា