សារព័ត៌មាន Reuters បានផ្សាយថា ថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥នេះ គឺមានរយៈពេល៨០ឆ្នាំគត់ គិតចាប់តាំងពីគ្រាប់បែកបរមាណូ ត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមជាលើកដំបូង។ នាឱកាសគម្រប់ខួបនេះ ទីក្រុង Hiroshima នៃប្រទេសជប៉ុន បានព្រមានមេដឹកនាំពិភពលោក អំពីអាវុធនុយក្លេអ៊ែរដែលបន្តមានមកទល់សព្វថ្ងៃ។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ អំឡុងសង្រ្គាមលោកលើកទី២ ទីក្រុង Hiroshima បានរងការទម្លាក់គ្រាប់បែកបរមាណូឈ្មោះ Little Boy របស់សហរដ្ឋអាមេរិក ហើយបណ្តាលឱ្យមនុស្សប្រហែល៧៨ ០០០នាក់ស្លាប់មួយរំពេច ដោយមិនទាន់រាប់បញ្ចូលមនុស្សជាច្រើននាក់ផ្សេងទៀត ដែលរងផលប៉ះពាល់ពីចំហាយនៃសារធាតុវិទ្យុសកម្មឡើយ។ បន្ទាប់ពីនោះ ទីក្រុងជប៉ុនមួយទៀតគឺ Nagasaki ក៏បានរងការទម្លាក់គ្រាប់បែកបរមាណូអាមេរិក១គ្រាប់ផងដែរ នៅ៣ថ្ងៃក្រោយ ហើយទីបំផុត ជប៉ុនបានប្រកាសចុះចាញ់សង្រ្គាម នៅថ្ងៃទី១៥ ខែសីហា។
តំណាងមកពីប្រទេសនិងដែនដីសរុប១២០ ដែលរួមមានទាំងកំពូលមហាអំណាចនុយក្លេអ៊ែរដូចជា សហរដ្ឋអាមេរិក ព្រមទាំងអ៉ីស្រាអែល ដែលគេជឿថាមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនទទួលស្គាល់ជាសាធារណៈ បានមកចូលរួមពិធីរម្លឹកខួបប្រចាំឆ្នាំ នៅឯឧទ្យាន Hiroshima Peace Memorial Park សម្រាប់ខួបទី៨០នេះ។ អំឡុងពិធីនោះ អភិបាលទីក្រុង Hiroshima លោក Kazumi Matsui បានអំពាវនាវឱ្យមេដឹកនាំពិភពលោកទាំងអស់ ចងចាំកុំភ្លេចនូវមេរៀននៃទីក្រុង Hiroshima និង Nagasaki ហើយបានព្រមានអំពីផលវិបាក នៃនិន្នាការពិភពលោកឆ្ពោះទៅរក ការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ។ បើតាមលោក Matsui ៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក គឺស្ថិតក្រោមការគ្រប់គ្រងរបស់ សហរដ្ឋអាមេរិកនិងរុស្ស៉ី។
ជប៉ុនដែលជាប្រទេសតែមួយគត់ ធ្លាប់ទទួលរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ បានអះអាងពីការប្តេជ្ញាចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែជប៉ុនមិនបានចូលជាប្រទេសហត្ថលេខី ឬអង្កេតការណ៍ក្នុងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់អាវុធនុយក្លេអ៊ែរទេ៕
រូបថត: VOV