សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ មានការរំភើបដោយឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក និងការទាមទារឱ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​នៅយប់ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៥នេះថា៖​ សម្ដេចមានការរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសម្ដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាមទារឱ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចធិបតី​ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម។ 

រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។ 

ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ ឱ្យវិលត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័សជាទីបំផុត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print