ខេត្តបាត់ដំបង ៖ ពលករខ្មែររាប់ម៉ឺននាក់បន្តសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ដោយមានការសម្របសម្រួលផ្ទាល់ពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារពាក់ព័ន្ធ ។
សូមជម្រាបថា ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះពលករខ្មែររាប់ម៉ឺននាក់បន្ថែមទៀតបាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួលនិងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់។
ក្នុងឱកាសនោះលោក សុខ លូ និងលោកស្រី បានអញ្ជើញផ្ដល់អាហារសម្រន់ និងទឹកសុទ្ធដល់ពលករផងដែរ។
លោក សុខ លូ បានថ្លែងឱ្យដឹងថា រហូតមកដល់ពេលនេះមានពលករខ្មែរជាង៦០ម៉ឺននាក់ហើយបានចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់។
លោក សុខ លូ ថ្លែងសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញប្រកបដោយសុខសុវត្ថិភាព។
ពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញដោយមានការទទួលស្វាគមន៍កក់ក្ដៅ។
ពលករខ្មែរថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។
សូមរំលឹកថា ជាបន្តបន្ទាប់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕
ដោយ ៖ សិលា