ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា៨៩ បានចែងថា ៖ នាវាណាមួយកំពុងជែងនាវាមួយទៀត ត្រូវរក្សាចម្ងាយពីនាវាដែលត្រូវជែងនោះ។
នាវាត្រូវចាត់ទុកថាកំពុងជែង នៅពេលដែលនាវានោះបានទៅជិតនាវាមួយទៀត ឋិតនៅក្នុងទិសដៅ មានមុំធំជាង២២,៥ដឺក្រេ ចំហៀងខាងក្រោយនៃនាវានោះ។ ក្នុងទីតាំងនេះ នាពេលយប់នាវាកំពុងជែងអាចមើលឃើញតែភ្លើងកន្សៃ ដោយមិនមើលឃើញភ្លើងចំហៀងណាមួយរបស់នាវាត្រូវជែងឡើយ។
នៅពេលនាវាមានការសង្ស័យអំពីការកំពុងជែងនាវាមួយទៀត នាវាជែងត្រូវចាត់ថាជាករណីជែង និងត្រូវចាត់វិធានការស្របទៅតាមបទប្បញ្ញត្តិនាវាចរណ៍។
ការប្រែប្រួលទិសសង្កេតរវាងនាវាទាំងពីរជាបន្តបន្ទាប់ មិនធ្វើឱ្យនាវាជែងក្លាយជានាវាកាត់ទទឹងឡើយសម្រាប់ន័យនៅក្នុងបទប្បញ្ញត្តិនាវាចរណ៍ ឬធ្វើឱ្យនាវាជែងរួចពីកាតព្វកិច្ចរក្សាគម្លាតពីនាវាត្រូវជែងឡើយ លុះត្រាតែនាវាជែងត្រូវបានឆ្លងផុតពីនាវាដែលត្រូវជែង៕
ដោយ៖តារា