ភ្នំពេញ ៖ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម បានដឹកនាំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ជាង ១០០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ។
ពិធីនេះបានធ្វេីឡេីងក្រោមវត្តមានលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមានការចូលរួមពីលោកស្រី កែ សួនសុភី សសុខា រួមទាំងមានព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ជាង ១០០០អង្គ/នាក់ ដែលបានប្រារព្ធនៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅក្នុងពិធីនេះក៏មានការធ្វេីនមស្ការព្រះរតនត្រ័យ និងសមាធិ ៣០នាទី, សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស , ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ៕
ដោយ ៖ សិលា