ស្ពានខ្សែកាប្លិ៍ព្យួរមួយកន្លែងក្នុងតំបន់ទេសភាព Xiata (Xinjiang ប្រទេសចិន) ស្រាប់តែបាក់កាលពីថ្ងៃទី៦ សីហា ខណៈដែលអ្នកទេសចរជាច្រើននាក់កំពុងដើរកាត់ដោយបណ្តាលឱ្យមនុស្ស២៤នាក់រងរបួសនិង៥នាក់ស្លាប់ ។ តាមព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្ស២៩នាក់ធ្លាក់ពីលើស្ពាន ក្នុងនោះស្លាប់៥នាក់ ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Zhaosu ខេត្តស្វយ័ត Yili Kazakh នៅពេលដែលខ្សែព្យួរមួយរបស់ស្ពានបានបាក់ បណ្តាលឲ្យស្ពានរអិល។ នាយកដ្ឋានឃោសនាក្នុងតំបន់បានបញ្ជាក់ពីការស្លាប់និងរបួសប្រាប់ដល់ទីភ្នាក់ងារព័ត៌មានស៊ីនហួ។ ក្នុងចំណោមអ្នករងរបួសមាន២២នាក់របួសស្រាល ចំណែក២នាក់ទៀតរបួសធ្ងន់ ។ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកដើម្បីព្យាបាលយ៉ាងឆាប់រហ័ស។
នៅថ្ងៃដដែលនេះ ការិយាល័យទេសចរណ៍ទីក្រុង Zhaosu ក៏បានប្រកាសនៅលើគណនី WeChat របស់ខ្លួនថា តំបន់ទេសភាព Xiata កំពុងស្ថិតក្រោមការត្រួតពិនិត្យសុវត្ថិភាព ហើយនិងត្រូវបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី 7 ខែសីហា។ មូលហេតុនៃការបាក់ស្ពានកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ដោយធីរីណា
រូបថត:Hanoi online