ភ្នំពេញ ៖ មានបណ្ដាប្រទេសជាច្រើន រួមមាន ៖ អាម៉េរិក អង់គ្លេស អាល្លឺម៉ង់ និងចិន បានបង្ហោះសារស្វាគមន៍ និង ចូលរួមអបអរសាទរ ចំពោះលទ្ធផលវិជ្ជមាននៃការបញ្ចប់ជម្លោះព្រំដែន ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចំពោះការសម្រេចបាននៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ នាថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ ។
តាមរយៈសេចក្តីថ្លែងការណ៍ អាម៉េរិក បានសរសេរថា ស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី ២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។
ចំណែកចិនវិញ ជាមួយសារអបអរសាទរ ភាគីចិនសូមគាំទ្រយ៉ាងមុតមាំ ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ គាំទ្រយ៉ាងមុតមាំចំពោះប្រទេសម៉ាឡេស៊ី និង ប្រទេសសមាជិកអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ ហើយនឹងបន្តខិតខំប្រឹងប្រែងសម្រាប់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ថៃវិលត្រឡប់មកសភាពដើមវិញ ជំរុញការកសាងជំនឿចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ។
រីឯអាលម្លឺម៉ង់វិញ បានស្វាគមន៍លទ្ធផលការប្រជុំ GBC រវាងកម្ពុជា និងថៃ ដោយកត់សម្គល់សារៈសំខាន់ ចំពោះការអនុវត្តការឈប់បាញ់ និងការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដែលជាជំហានសំខាន់មួយដើម្បីសម្រេចសន្តិភាពយូរអង្វែង។
ចំណែកអង់គ្លេស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងប្រទេសថៃ និងកម្ពុជានៃក្របខ័ណ្ឌមួយ ដើម្បីធានាបាននូវបទឈប់បាញ់ពេញលេញ និងមានប្រសិទ្ធភាព។ យើងលើកទឹកចិត្តឱ្យភាគីទាំងពីររក្សាកិច្ចព្រមព្រៀងនេះ ដែលកំណត់លក្ខខណ្ឌសំខាន់ៗសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព រួមទាំងការធានាការការពារជនស៊ីវិល។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ «សូមអបអរសាទរចំពោះលទ្ធផលដ៏សំខាន់ និងបំផុសគំនិតដែលសម្រេចបានតាមរយៈកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ។
លោក Wang Wenbin ថា៖ យើងនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ហើយនឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការលើកកម្ពស់ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃឡើងវិញ៕
ដោយ ៖ សិលា