ប្រទេសម៉ាឡេសុី ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី៨ ខែសីហា បានហៅបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងរហ័ស រវាងកម្ពុជា និងថៃ ជាភាពជោគជ័យមិនធ្លាប់មានសម្រាប់អាស៊ាន។
នៅក្នុងកម្មវិធីអបអរខួប៥៨ឆ្នាំនៃការបង្កើតអាស៊ាន លោក អាន់វ៉ា យល់ថា ភាពជោគជ័យនេះ បង្ហាញពីការប្តេជ្ញាដោះស្រាយជម្លោះរវាងមេដឹកនាំកម្ពុជា និងថៃ។
ទន្ទឹមនេះ ប្រធានផ្លាស់វេនអាស៊ាន ក៏បានអរគុណដល់ប្រមុខរដ្ឋាភិបាល, គណៈរដ្ឋមន្រ្តី និងមេបញ្ជាការរបស់កម្ពុជា និងថៃ ផងដែរ ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងការស្វែងរកបទឈប់បាញ់។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិកម្ពុជា លោក ទៀ បាញ់ បានបង្ហោះក្រោយកិច្ចប្រជុំទទួលលទ្ធផលថា ៖ ព្រឹកនេះ ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’s Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ។
ដោយកិត្តិយសបានជួបជាមួយ ឯកឧត្តម Dato’s Seri Anwar Ibrahim ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកបានបញ្ជាក់ខ្លឹមសារមួយចំនួន៖
– បន្តគាំទ្រ និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត ។
– សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។
សម្តីរបស់ឯកឧត្តម Anwar Ibrahim៖ គួរបញ្ជាក់ផងដែរថា បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ ៕
ដោយ ៖ សិលា