វាយក្បាលប្រពន្ធនឹងចានបាយថ្ម ហើយថែមទាំងគំរាមសម្លាប់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ ស្ត្រីជាប្រពន្ធម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនប្តីរបស់ខ្លួន បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពវាយក្បាលនាងនឹងចាន បាយថ្ម រួចគំរាមថានឹងសម្លាប់។ ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី៦ សីហា ២០២៥ នៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ វណ្ណឌី ភេទស្រីអាយុ២៤ឆ្នាំ បានរងរបួសពកលើក្បាលដោយសារជនសង្ស័យជាប្តីយកចានបាយថ្មវាយ។ ចំណែកជនសង្ស័យឈ្មោះផាន ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាប្តីរបស់ជនរងគ្រោះ មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+) សារធាតុញៀនផងដែរ។

សមត្ថកិច្ចបានបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់តែងតែរករឿងវាយធ្វើបាបជាញឹកញាប់ក្រោយពេលប្រើប្រាស់ថ្នាំញៀន។ លុះដល់ថ្ងៃកើតហេតុ ក្រោយពីជិះម៉ូតូទៅយកនាងចេញពីធ្វើការមកដល់ផ្ទះ ជនសង្ស័យក៏ស្រែកចោទប្រកាន់ថាប្រពន្ធលួចលាក់មានប្រុស រួចស្ទុះយកចានបាយថ្មវាយក្បាលបណ្តាលឲ្យនាងពកនិងបែកចានបាយ។ ពេលនោះនាងបានរត់ចេញទៅពួននៅផ្ទះអ្នកជិតខាង។ ជនសង្ស័យក៏បានដើររកជនរងគ្រោះដោយកាន់កាំបិតបុ័ងតោស្រែកគំរាមថា “បើរកឃើញ អញនឹងកាប់នាងឯងឲ្យងាប់!”។

ដោយអស់ការស៊ូទ្រាំ ជនរងគ្រោះក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះអន្លង់ចិនដើម្បីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមានកាំបិតបុ័ងតោ ១ដើម និងបំណែកចានបាយដែលបែក។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយក្បាលប្រពន្ធ និងគំរាមសម្លាប់ពិតប្រាកដមែន ក្រោយពេលខ្លួនប្រើប្រាស់ថ្នាំញៀនរួច។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print