ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់នៅចំណុចភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ថ្ងៃទី៧ សីហា ២០២៥ វេលាម៉ោង ១៧:០០នាទី។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ បានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប្រជាការពារ ចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល្លី ម៉េងលាង ហៅ សានម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ។ ក្នុងពេលនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣៨កញ្ចប់តូច ដែលមានទម្ងន់សរុប ៦,២៦ក្រាម និងកាបូបសម្រាប់ដាក់ថ្នាំញៀន ១ផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ម៉ៅ លូ នៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ក្នុងតម្លៃ ៣៥០.០០០រៀល។
ក្រោយមក ជនសង្ស័យបានយកថ្នាំញៀននោះមករំលែកបានចំនួន ៤៨កញ្ចប់តូច ហើយបានលក់ទៅឲ្យជនមិនស្គាល់ឈ្មោះអស់ ១០កញ្ចប់តូច នៅសល់ ៣៨កញ្ចប់ទុកជាប់ខ្លួនដើម្បីចែកចាយលក់បន្ត។ ជនសង្ស័យត្រូវបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន(- )។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕