ភ្នំពេញ ៖ “ការប្រឡងធ្លាក់របស់បេក្ខជន មិនមែនមានន័យថា ខ្សោយ ឬអន់ទេ តែធ្លាក់ដោយសារពិន្ទុតិចជាងអ្នកដទៃ។” នេះជាការលើកឡើងរបស់ លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង។
លោករដ្ឋលេខាធិការ មានប្រសាសន៍បែបនេះក្នុងពេលជួបសំណេះសំណាល និងបង្ហាញពីតួនាទី ភារកិច្ចរបស់អនុគណៈកម្មការពិនិត្យវាយតម្លៃ និងដំណើរការរៀបចំការប្រឡងប្រជែង ទាំងមុនប្រឡង ពេលប្រឡង និងក្រោយប្រឡង ជូនដល់អ្នកសង្កេតការណ៍ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី២) នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។
ក្នុងការសំណេះសំណាលនេះ លោក បានបន្តថា “ការងារខ្ញុំក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃ គឺយើងតាមដាន តាំងពីមុនប្រឡងប្រជែង រហូតដល់បញ្ចប់ការប្រឡងប្រជែង ដើម្បីស្វែងរកបញ្ហា ដកស្រង់បទពិសោធ ធ្វើការកែលម្អបញ្ហាទាំងមូល ឱ្យដំណើរការប្រឡងប្រជែងបានរលូន និងមានប្រសិទ្ធភាព។ ការប្រឡងប្រជែង ដែលក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំតាំងពីឆ្នាំ២០២៣ រហូតមកដល់ពេលនេះ មានចំនួនប្រមាណជិត ៥០ដងរួចមកហើយ។ ការប្រឡងនេះ ពិតជាទទួលបានការសាទរពីបេក្ខជន និងសាធារណជន ហើយក៏ពុំដែលមានការបែកធ្លាយវិញ្ញាសាមុនដែរ។ […] “ការប្រឡងធ្លាក់របស់បេក្ខជន មិនមែនមានន័យថា ខ្សោយ ឬអន់ទេ តែធ្លាក់ដោយសារពិន្ទុតិចជាងអ្នកដទៃ ព្រោះថាការប្រឡងនេះ គឺជាការប្រកួតប្រជែង នោះមានន័យថា បេក្ខជនដែលមានពិន្ទុខ្ពស់ជាងគេ បានជាប់ក្នុងប៉ុស្តិ៍នោះមុនគេ។” លោកបានបន្ថែម៕
ដោយ ៖ សិលា