សារព័ត៌មាន AFP បានផ្សាយថា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ត្រូវជារយៈពេល៨០ឆ្នាំគត់ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក មកលើទីក្រុង Nagasaki នៃប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទី២។
នាឱកាសនេះ ពិធីរម្លឹកខួបនិងស្មិងស្មាធិ៍ ត្រូវបានរៀបចំឡើង នៅទីក្រុង Nagasaki ហើយអភិបាលក្រុង លោក Shiro Suzuki បានអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ឈប់ជម្លោះប្រដាប់អាវុធនានាជាបន្ទាន់។ កាលពីម៉ោង១១៖០២នាទីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ពោលគឺ៣ថ្ងៃ ក្រោយការវាយប្រហារនុយក្លេអ៊ែរលើទីក្រុង Hiroshima សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូ១គ្រាប់ទៀត លើទីក្រុង Nagasaki។ ពិធីរម្លឹកខួបនិងស្មិងស្មាធិ៍ សម្រាប់ទីក្រុង Hiroshima ត្រូវបានរៀបចំឡើង កាលពីថ្ងៃពុធសប្តាហ៍នេះ។
ការទម្លាក់គ្រាប់បែកបរមាណូសរុប២គ្រាប់នោះ បានសម្លាប់មនុស្សប្រហែល៧៤ ០០០នាក់ នៅទីក្រុង Nagasaki និង១៤០ ០០០នាក់ នៅទីក្រុង Hiroshima។ ប៉ុន្មានថ្ងៃក្រោយរងការទម្លាក់គ្រាប់បែកបរមាណូ គឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចុះចាញ់ នាំទៅរកការបិទបញ្ចប់សង្រ្គាមលើកលើកទី២៕
រូបថត: VOV