ភ្នំពេញ ៖ ទ័ពកម្ពុជាកំពុងគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីបទឈប់បាញ់ ក្នុងនោះទ័ពកម្ពុជាមិនទាន់ទទួលបានព័ត៌មាន«ការផ្ទុះមីន» បង្កឱ្យមានរបួសទាហានថៃ៣នាក់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី ៩ សីហានេះ បានប្រកាសថា រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ ៣ នាក់,ក្រសួងមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជា ទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ។
បើតាមក្រសួងការពារជាតិ កងទ័ពកម្ពុជាបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា និង ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
កម្ពុជាសង្ឃឹមថាភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ទាំងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិបន្តអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឲ្យដោះលែងទាហានខ្មែរ១៨រូប ដែលថៃចាប់ទៅមកកម្ពុជាវិញឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា ៖ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកទល់នឹងម៉ោង ៤ រសៀលនៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះកងទ័ពកម្ពុជា ២០ នាក់ក្នុងនោះបញ្ជូនមកឱ្យកម្ពុជាវិញ ២ នាក់ នៅសល់ ១៨ នាក់ទៀត ដែលត្រូវបានយោធាថៃចាប់យកទៅឃុំខ្លួនមានរយៈពេល ១១ ថ្ងៃ និងជាង ៨ ម៉ោងហើយ។ កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួននៅក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់មកឱ្យកម្ពុជាវិញ ស្របតាមយន្តការអន្តរជាតិ ឱ្យបានឆាប់។ លោកជំទាវបញ្ជាក់បន្ថែមថា កម្ពុជាមិនបោះបង់ចោលកងទ័ពកម្ពុជាណាម្នាក់ជាដាច់ខាត ៕
ដោយ ៖ សិលា