ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៥៨ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(ក្រោយសារមន្ទីរជាតិ)។ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែប្រារព្ធកម្មវិធីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាន ដែលមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ បណ្តាអង្គទូតក៏ដូចជាសិស្ស និស្សិតជាច្រើនរូបផងដែរ។
សម្រាប់ឆ្នាំ២០២៥នេះ ដោយមានការសហការចូលរួមពីបណ្តាស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ាននិងទីម័រឡេស្តប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំបង្ហាញពីស្នាដៃសិប្បកម្មប្រពៃណីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្ត ការឆ្លើយសំនួរទាក់ទងនឹងអាស៊ាន ការសម្តែងសិល្បៈរបស់សិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ។
ឆ្លៀតក្នុងឱកាសអបអរសាទរខួបអាស៊ានលើកទី៥៨ នេះផងដែរ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងថា”ចូលយើងបន្តពង្រឹងការបង្រួបបង្រួមគ្នា ថែរក្សាបេតិកភណ្ឌរួមគ្នារបស់មនុស្សជាតិយើង និងប្ដេជ្ញាចិត្តសហការគ្នាដើម្បីកសាងសហគមន៍អាស៊ានមួយដែលរឹងមាំប្រកបដោយបរិយាបន្ន មានភាពធន់ និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយៗតទៅ”៕
ដោយ ៖ សិលា