ភ្នំពេញ ៖ ថ្ងៃនេះ ! បេក្ខជនដែលបានជាប់ការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី១ កំពុងឆ្លងកាត់វិញ្ញាសាសួរផ្ទាល់មាត់ ដើម្បីសម្រេចយកបេក្ខជនជាប់ស្ថាពរចុងក្រោយ។
ជាការយកចិត្តទុកដាក់ដូចសព្វមួយដង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានផ្តល់កិត្តិយសអញ្ជើញផ្តល់អនុសាសន៍ និងធ្វើការណែនាំតម្រង់ទិសពីគោលការណ៍និយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងជូនដល់សាស្រ្តាចារ្យដែលជាគណៈកម្មការធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសបេក្ខជន។
សូមជម្រាបថា បេក្ខជនដែលប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ថ្ងៃនេះ មានចំនួនសរុប ៧១នាក់។ បេក្ខជនត្រូវប្រើប្រាស់សមត្ថភាព ឆ្លើយតបនឹងការសួរផ្ទាល់មាត់ជាមួយគណៈកម្មការ។ បេក្ខជនម្នាក់ៗ មានពេលវេលាចន្លោះពី ១៥ ទៅ ៣០នាទី។ ជាលទ្ធផល បេក្ខជនចុងក្រោយ ៥០នាក់ នឹងត្រូវបានជ្រើសរើសឱ្យបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមជូនពរបេក្ខជនគ្រប់រូបមានសំណាងល្អ និងទទួលបានលទ្ធផលតាមការប៉ងប្រាថ្នារៀងៗខ្លួន៕
ដោយ ៖ សិលា