ភ្នំពេញ៖ ជំនួសមុខឱ្យថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្បុរសជន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញប្រគល់សម្ភារៈបរិក្ខារនិងស្បៀងអាហារមួយចំនួនជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។
ដោយទឹកចិត្តស្នេហាជាតិមាតុភូមិ និងការស្រលាញ់សន្តិភាព លោក ជា វុទ្ធី និងក្រុមគ្រួសារ រួមជាមួយសហការីចំណុះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសប្បុរសជននានា បានរៀបចំសម្ភារៈបរិក្ខារ និងស្បៀងអាហារមួយចំនួន ដូចជា៖ អង្ករ, ត្រីខ, ត្រីងៀត, សាច់ក្រក, ដំណាប់ស្វាយ, ទឹកបរិសុទ្ធ, ឱសថ, សាប៊ូ, អាវរងា អាវស្ត្រីនិងកុមារ, និងសម្ភារៈប្រើប្រាស់ផ្សេងៗជូនវីរៈកងទ័ពជួរមុខ ក្នុងគោលបំណងចូលរួមសាមគ្គីទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ក្នុងនាមជាកងទ័ពជួរក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លាន និងដើម្បីតបស្នងសងគុណដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលបានតស៊ូប្រយុទ្ធការពារយ៉ាងមោះមុត និងហ៊ានប្តូរជីវិតក្នុងបុព្វហេតុថែរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយការឈ្លានពាន ដើម្បីសម្រាលបន្ទុកជីវភាព។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី សុខា គងពិសី គីមរិទ្ធី តំណាងរដ្ឋបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោក ជា វុទ្ធី ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ចំណុះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងសម្បុរសជននានា ដែលបានចំណាយធនធានផ្ទាល់ខ្លួនរៀបចំនូវសម្ភារៈបរិក្ខារ និងស្បៀងអាហារជូនដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។ ទឹកចិត្តដ៏សម្បុរសនេះពិតជាមានតម្លៃដ៏ធំធេងពុំអាចកាត់ថ្លៃបាន។ រដ្ឋបាលខេត្តព្រះវិហារនឹងទទួលរ៉ាប់រងនាំយកអំណោយទាំងអស់នេះជូនទៅដល់គោលដៅកំណត់៕