ប្រទេសចិន៖ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានឡើងថ្លែងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ អំពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ក្នុងវេទិកាវិនិយោគនៅកម្ពុជា ជូនចំពោះអ្នកវិនិយោគិនចិន ដែលរៀបចំដោយគណៈកម្មការរៀបចំមហោស្រពម៉ាយីហោចិនលើកទី១៩ ឆ្នាំ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន។
ក្នុងវេទិកានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងប្រពៃណីរវាងប្រទេស និងប្រជាជននៃកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ លោកបន្តទៀតថា រយៈពេល ៦៧ឆ្នាំ នៃចំណងការទូតជាផ្លូវការចាប់ពីឆ្នាំ ១៩៥៨ កម្ពុជា-ចិន បានពង្រឹង និងពង្រីកនូវចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ជាមិត្តដែកថែប ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ ជាពិសេស ក្នុងដំណើរទស្សនកិច្ចជាច្រើនលើករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ បានធ្វើឱ្យទំនាក់ទំនងកម្ពុជានិងចិន ឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»។ លោកទេសរដ្ឋមន្ត្រី ក៏គូសបញ្ជាក់ទៀតថា កម្ពុជា និងចិន គឺជាបងប្អូនល្អ និងមិត្តភក្តិពិតប្រាកដ ហេតុដូចច្នេះ កម្ពុជាស័ក្តិសមជាដៃគូវិនិយោគដ៏ល្អរបស់វិនិយោគិនចិន។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ព្រមទាំងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។
លោកទេសរដ្ឋមន្រ្តី បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ជូនចំពោះវិនិយោគិនទាំងអស់ ទទួលបាននូវកិច្ចការពារ ឱកាសវិនិយោគយ៉ាងច្រើនសន្ធឹកសន្ទាប់ និងជំនឿទុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ដើម្បីឱ្យការធ្វើអាជីវកម្មរបស់វិនិយោគិនមានការរីកចម្រើនប្រកបដោយសុចរិតភាព។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមទស្សនវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការវិនិយោគដោយផ្ទាល់នៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការអនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” របស់រដ្ឋាភិបាលចិន និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន”។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អ្នកវិនិយោគិនទាំងអស់ ដែលតែងតែផ្តល់នូវទំនុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចូលរួមក្នុងការបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនប្រជាពលរដ្ឋកម្ពុជា និងលើកស្ទួយដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា៕